អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់អំពីកំណើននៃកម្រិតលំហ និងសុវត្ថិភាពការងារសារព័ត៌មាននៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥--
មួយថ្ងៃមុនអ្នកសារព័ត៌មាននៅកម្ពុជារួបរួមគ្នាជាមួយនឹងអ្នកសារព័ត៌មាននៅលើពិភពលោក ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក២០២៥ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ខាងមុខ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា កម្រិតនៃលំហ និងសុវត្ថិភាពការងាររបស់អ្នកសារព័ត៌មាននៅកម្ពុជាមានការកើនឡើងចំនួន ៦,២% បើធៀបនឹងលទ្ធផលនៃរបាយការណ៍ដែលក្រសួងបានធ្វើកាលពីឆ្នាំ២០២៤ ដែលមានចំនួនត្រឹម ៧៩,៨%។
ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា អំណះអំណាងបែបនេះមិនមែនជាការអះអាងដែលគ្មានភស្តុតាងនោះទេ។ អំណះអំណាងនេះគឺបានមកពីរបាយការណ៍នៃការសិក្សាស្ទាបស្ទង់វាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេស ដោយប្រមូលធាតុចូលពីអ្នកសារព័ត៌មាន និងអ្នកដែលពាក់ព័ន្ធសរុប ៤៦៧ រូប ជាមួយនឹងកម្រងសំណួរសរុប៥០០ ដែលបានធ្វើនៅ ២៥ខេត្ត-រាជធានី។
ឯកឧត្តមបានបញ្ជាក់ថា “នេះគឺជាសក្ខីកម្មចេញពីការស្ទង់មតិតាមបែបវិទ្យាសាស្រ្ត ដែលបញ្ជាក់អំពីស្ថានភាពពិតប្រាកដជាក់ស្តែងដែលប្រតិបត្តិករ ក៏ដូចជាអ្នកសារព័ត៌មានបាននិងកំពុងអនុវត្តជាប្រចាំ ដោយផ្ទាល់នៅក្នុងវិស័យសារព័ត៌មាននៅក្នុងប្រទេស“។

ពាក់ព័ន្ធនឹងសិទ្ធិ និងលំហការងារសារព័ត៌មាន ឯកឧត្តមអ្នកនាំពាក្យបានបន្តថា ការសិក្សាបានបង្ហាញលទ្ធផលផងដែរថា អ្នកស្ទង់មតិចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។
ឯកឧត្តមបានបន្ថែមទៀតថា នៅក្នុងចំណោមធាតុចូលដែលប្រមូលបាន ៨១,៤ ភាគរយ បានវាយតម្លៃថា ស្ថានភាពសារព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ដោយនៅក្នុងនោះមាន ៧២,២ភាគរយបានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ហើយ៩,២ភាគរយ បានអះអាងថា សេរីភាពនោះមានស្ថានភាពល្អបំផុត។
ដោយឡែកចំពោះរបាយការណ៍ក៏ដូចជាសេចក្តីរាយការណ៍ផ្សេងៗ ដែលផ្សព្វផ្សាយដោយអ្នកនៅក្រៅប្រទេស ដែលពួកគេប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធតែមួយក្រុមតូច បូកផ្សំនឹងរបាយការណ៍ក្រោយឥទ្ធិពលរបៀបវារៈនយោបាយ ដែលខ្លួនទទួលបានពីអង្គការសមាគម និងអង្គការសង្គមស៊ីវិលមួយចំនួន ឯកឧត្តមអ្នកនាំពាក្យបានបញ្ចាក់ថា គឺរបាយការណ៍ទាំងនោះមិនអាចឆ្លុះបញ្ចាំងពីស្ថានភាពពិត ហើយក៏មិនអាចតំណាងឲ្យសម្លេង នៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាបានឡើយ។
គួរបញ្ជាក់ថា របាយការណ៍នេះគឺជារបាយការណ៍ទី២ ដែលធ្វើឡើងដោយក្រុមការងាររបស់ក្រសួងព័ត៌មាន ហើយរបាយការណ៍នេះត្រូវបានបញ្ចេញនៅមុនពេលដែលអ្នកសារព័ត៌មានកម្ពុជានឹងរួមគ្នាប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕
ដោយ ហេង បញ្ញា




