ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកកងមាសទទួលបានអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា
AKP កំពង់ចាម ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥-- ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១៣គ្រួសារនៅស្រុកកងមាស ទទួលបានអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ តាមរយៈឯកឧត្តម ទូច ឆៃនាយកសាខាកាកបាទក្រហមខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា។

ក្នុងឱកាសជួបជាមួយគ្រួសាររងគ្រោះ ឯកឧត្តម ទូច ឆៃ នាយកសាខាកាកបាទក្រហមខេត្ត បានចូលរួមសម្តែងការសោកស្តាយជា ក្រុមមួយគ្រួសាររងគ្រោះ និងបាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ ក៏លោកតែងបានចាត់តំណាងចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាកទាន់ពេលវេលា តាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ឯកឧត្តមនាយកសាខា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀងតែងតែនាំមក ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ដែលបង្កការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចខូចខាតនូវទ្រព្យសម្បត្តិ ឬអាយុជីវិតផងដែរ ត្រូវចេះពិនិត្យរកកន្លែងដែលធានាបានសុវត្ថិភាព បង្ការការពារខ្លួន ចៀសឱ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។

សូមជម្រាបជូនថា អំណោយមនុស្សធម៌ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ជូនដល់ពលរដ្ឋរងគ្រោះទាំង១៣គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១សម្រាប់ រួមនឹងថវិកា ដោយគ្រួសារកម្រិតមធ្យម៣គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកា២០០,០០០រៀល និងកម្រិតស្រាល១០គ្រួសារ ក្នុង១គ្រួសារទទួលបាន១០០,០០០រៀល៕
ដោយ ឆាយ ម៉ុត





