រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ១ឧសភា
AKP កំពង់ចាម ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តកំពង់ចាមបានធ្វើពិធីជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការនី និយោជិត នៃក្រុមហ៊ុនជេស្សែត គ្រូរី អេនធើប្រាយ ឯ.ក ក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ ក្នុងស្រុកជើងព្រៃខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ក្រោមអធិបតីភាពរបស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពស្ថាប័នពាក់ព័ន្ធ លោក លោកស្រី អគ្គនាយក នាយក ឬតំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ជាង៧០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានលើកឡើងថា បច្ចុប្បន្នខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ៦២៣សហគ្រាស កម្មករ និយោជិតសរុប ៤៧,០៣២នាក់ ក្នុងនោះឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ២៧កន្លែង ក្នុងនោះមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១កន្លែង ដោយមានរោងចក្រ សហគ្រាសកំពុងដំណើការចំនួន ៨កន្លែង និងមានកម្មករនិយោជិតសរុប ២៥៦៨ នាក់ កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ម្នាក់ៗ ទទួលបានប្រាក់ចំណូលជាមធ្យម ២៥៤ដុល្លារអាមេរិក និងវិស័យផ្សេងៗ ទទួលបានប្រាក់ចំណូល ជាមធ្យម ២៣៤ដុល្លារអាមេរិក បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិតជាមធ្យមប្រចាំឆ្នាំវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ប្រមាណជា ១៤១លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលបានរួមចំណែកបង្កើនចំណូលរបស់ប្រជាជនខេត្តកំពង់ចាមប្រចាំឆ្នាំ(GDP) ក្នុងម្នាក់ៗ ចំនួន២.៤៧៨ដុល្លារអាមេរិក។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន និងកំពុងខិតខំអនុវត្តបានដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមទាំងគោលនយោបាយ អាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ រួមមាន គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា គោលនយោបាយជាតិស្ដីពីមុខរបរការងារ ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកត្តាបង្កើនចំណូលរបស់ប្រពលរដ្ឋ ធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់លោក លោកស្រីអគ្គនាយក នាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ជាពិសេសផលិតបដាពាក្យស្លោក តាមខ្លឹមសារ សារាចរណែនាំ និងជ្រើសរើសទីតាំងសំខាន់ៗ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ចងក្រងឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមផ្សព្វផ្សាយសាលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដើម្បីរួមចំណែកបង្កើតភាពសុខដុមរមនា រវាងនិយោជក និងកម្មករនិយោជិត៕
ដោយ ឆាយ ម៉ុត





