នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន០៣គ្រឿងបានចាកចេញពីដែនទឹកកម្ពុជាប្រកបដោយសុវត្ថិភាព
AKP ព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ -- នាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ីចំនួន០៣គ្រឿងបានចាកចេញពីដែនទឹកកម្ពុជាប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលសំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយ:ពេល៤ថ្ងៃរួចមក គឺចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ដូចប្រជាជននៃប្រទេសទាំងពីរ និងរដ្ឋាភិបាលប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត ដោយនាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីទាំង៣គ្រឿងនេះ ដឹកនាំដោយលោក វរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការនៃផ្នែកនាវានៅលើផ្ទៃទឹករបស់កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី។

ក្នុងដំណើរនិវត្តន៍របស់នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការជូនដំណើរដោយនាយនាវី នាយនាវីរងកងទ័ពជើងទឹកមូលដ្ឋានរាម ដឹកនាំដោយលោក ជួន ទី មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី០១ ខែឧសភា ២០២៥។ ក្នុងដំណើរចូលចតធ្វើទស្សនកិច្ចរបស់នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណ:ប្រតិភូកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីបានចូលជួបសម្តែងការគួសមជាមួយអភិបាលខេត្តព្រះសីហនុ លោកអភិបាលក្រុងព្រះសីហនុ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួនទៀត។ ក្នុងឱកាសនោះ គណ:ប្រតិភូក៏បានទៅធ្វើទស្សនកិច្ចនៅព្រះបរមរាជរាំង សារមន្ទីរជាតិនៅរាជធានីភ្នំពេញ និងកន្លែងមួយចំនួនទៀតផងដែរ។ ម្យ៉ាងទៀតក្រុមនាវិករបស់កងនាវាជើងទឹកសហព័ន្ធរុស្ស៊ី ក៏មានការលេងកីឡាមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរប្រកបដោយបរិយាកាសស្និទ្ធស្នាល ព្រោះការលេងកីឡានាំមកនូវមិត្តភាព សាមគ្គីភាព ជាពិសេសនាំមកនូវកាយសម្បទារឹងមាំថែមទៀតផង។

សូមជម្រាបជូនថា នាវាទីមួយឈ្មោះ REZKIY លេខ343 បណ្ដោយ 104.5ម៉ែត្រ ទទឹង 13ម៉ែត្រ ជម្រៅទឹក 7.95ម៉ែត្រ ទម្ងន់ផ្ទុក 2,250តោន មាននាវឹកសរុបចំនួន 100នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក វរនាវីឯក Evgenii KOVA LEV។ នាវាទីពីរឈ្មោះ HERO លេខ 339 មានបណ្ដោយ 104.5ម៉ែត្រ ទទឹង 13ម៉ែត្រ ជម្រៅទឹក 7.95ម៉ែត្រ ទម្ងន់ផ្ទុក 2,250តោន មាននាវឹកសរុបចំនួន 100នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីឯក DMITRII GUNKO និងនាវាទីបីឈ្មោះ PECHENGA មានបណ្ដោយ 130ម៉ែត្រ ទទឹង 20 ម៉ែត្រ ជម្រៅទឹក 7.2ម៉ែត្រ ទម្ងន់ផ្ទុក 12,891តោន ដោយមាននាវិកសរុបចំនួន62នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក GONCHAR Aleksandr៕

ដោយ ងូ សុមុនី





