ពិធីប្រកាសចូលកាន់តំណែងអភិបាលរងនៃគណៈអភិបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម ស៊ីម រតនៈ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក សេង សុភ័ក្រ ជានាយករដ្ឋបាលស្រុកថ្ពងទៅជាអភិបាលរងនៃគណៈអភិបាលស្រុកថ្ពង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីនាយកទីចាត់ការរដ្ឋបាល លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្ត លោក លោកស្រីប្រធានទីចាត់ការខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកសរុបប្រមាណជា ១២០នាក់ ពិធីប្រារព្ធនៅសាលប្រជុំសាលាស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ស៊ីម រតនៈ បានក្រើនរំលឹកដល់លោកអភិបាលរងស្រុកទទួលតំណែងថ្មី និងមន្ត្រីរាជការទាំងអស់ជាពិសេសមន្រ្តីក្នុងសាលាស្រុកថ្ពងផ្ទាល់ ត្រូវរួមគិត រួមធ្វើ ហើយបន្តពង្រឹងសមត្ថភាពការងារ ចំពោះការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានទំនុកចិត្ត និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរងខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ស្ថាប័នរដ្ឋបាលស្រុកគឺជាចំណុចស្នូលដែលដាក់ចេញជាទិសដៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្រ្តីរាជការ គ្រប់ឃុំ សង្កាត់ និងភូមិទទួលបានគោលការណ៍យកទៅអនុវត្តធ្វើយ៉ាងណា កសាងនូវជំនឿទុកចិត្តពីប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយត្រូវចៀសវាងឱ្យផុតពីការកសាងនូវកំហុសបង្កភាពឈឺចាប់ និងប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នរដ្ឋ។

ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ីម រតនៈ បានបញ្ជាក់បន្ថែមថា ដើម្បីផ្តល់ក្តីសង្ឃឹម និងជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើរដ្ឋបាលស្រុក មន្រ្តីនៃរដ្ឋបាលស្រុក ត្រូវពង្រឹងសមត្ថភាព ផ្អែកលើការបណ្តុះបណ្តាល និងត្រូវសិក្សាស្រាវជ្រាវឱ្យបានច្រើនបន្ថែមទៀត តាមរយៈវគ្គបណ្តុះបណ្តាលដើម្បីយកសមត្ថភាពពិត ទៅបម្រើការងារជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាពមិនប្រកាន់ និងរើសអើងសាសនា ឬនិន្នាការនយោបាយអ្វីឡើយ៕
ដោយ លឹម សាន្ត





