សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាកំពុងតែរង់ចាំពេលវេលាដើម្បីទៅចរចាជាមួយអាម៉េរិករឿងពន្ធទំនិញ
AKP ព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥-- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ពេលនេះក្រុមការងារដោះស្រាយបញ្ហាពន្ធជាមួយអាម៉េរិកបាននិងកំពុងតែរង់ចាំពេលវេលាដើម្បីជួបចរចាជាមួយភាគីសហរដ្ឋអាមេរិក។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត បម្រើការ និងធ្វើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទោះបីអ្នកណាថាអ្វីក៏ដោយក៏ក្រុម ការងារដោះស្រាយបញ្ហារឿងពាណិជ្ជកម្មបានជួបជាមួយប្រធានក្រុមតំណាងពាណិជ្ជកម្មអាម៉េរិកម្តងមកហើយ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងថ្ងៃចូលឆ្នាំខ្មែរកន្លងមក ដោយបានស រសេររបាយការណ៍ដើម្បីចរចាជាមួយអាម៉េរិក។ សម្តេចបវរធិបតីបានថ្លែងបញ្ជាក់ថា៖ «ថ្ងៃចូលឆ្នាំយើងមិនបានសម្រាកទៅបាញ់ទឹក ប៉ាតម្សៅ ឯណា គឺអត់ទេ គឺយើងអង្គុយសរសេររបាយការណ៍ដើម្បីត្រៀមលក្ខខណៈដើម្បីចរចាជាមួយគេ។ សុខចិត្តឱ្យបងប្អូនសប្បាយរីករាយចុះ ហើយស្អែកនេះត្រូវជួបជាមួយគេ ដើម្បីជជែកគ្នាបន្តិចម្តងៗ ព្រោះថាអាម៉េរិកគេប្រើពេលវេលាយូរដោយសារអាម៉េរិកត្រូវចរចា ជិត២០០ ប្រទេស»។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងទៀតថា យើងរង់ចាំតែពេលវេលា ហើយពេលណាគេធ្វើឡើង យើងនឹងទៅភ្លាម ហើយកម្ពុជាដាក់ថ្នាក់ឧបកនាយករដ្ឋមន្ត្រីដើម្បីធ្វើការងារនេះ ដែលជាកម្រិតខ្ពស់ ហើយក្រៅពីប្រមុខរាជរដ្ឋាភិបាល។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា គ្រប់ប្រទេសទាំងអស់ដោយប្រទេសខ្លះគេត្រឹមរដ្ឋមន្ត្រី ខ្លះឧបនាយករដ្ឋមន្ត្រី ហើយកម្ពុជាយើងថ្នាក់ឧបនាយករដ្ឋមន្ត្រី ដើម្បីជួបចរចាជាមួយអាម៉េរិក។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការត្រៀមថ្នាក់ឧបនាយករដ្ឋមន្ត្រីដើម្បីធ្វើការចរចាជាមួយអាម៉េរិករឿងពន្ធទំនិញនេះ គឺជាការបង្ហាញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងខិតខំ និងឱ្យតម្លៃក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយសម្តេចធិបតីក៏បានសម្តែងការហួសចិត្តចំពោះ ក្រុមប្រឆាំងបាននាំគ្នាស្រែកឱ្យគេដាក់ទណ្ឌកម្មមកលើកម្ពុជាខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងតែខិតខំធ្វើការដោះស្រាយ៕
ដោយ៖ ប៊ុនរិទ្ធ





