អភិបាលខេត្តកំពង់ឆ្នាំងចុះពិនិត្យទីតាំងរៀបចំស្តង់វប្បធម៌ ពិធីច្រត់ព្រះនង្គ័លខាងមុខនេះ
AKP កំពង់ឆ្នាំង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា គណៈកម្មការរៀបចំទីតាំងត្រៀមប្រារព្វព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំងរួមជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក រៀបចំចាត់ចែងធ្វើកិច្ចការងារនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ធ្វើយ៉ាងណារៀបចំកម្មវិធីប្រារព្វព្រះរាជពិធីច្រត់ព្រះនង្គ័លខេត្តកំពង់ឆ្នាំងឆ្នាំនេះ ឱ្យបានល្អដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត ក្រៅខេត្ត ជាពិសេសប្រជាពលរដ្ឋដែលធ្វើការងារចំណាកស្រុក ត្រូវបានមកលេងបុណ្យច្រត់ព្រះនង្គ័ល សប្បាយរីករាយអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នាខែឧសភាឆ្នាំ២០២៥ ក្នុងពេលឆាប់ៗនេះ ការងារចុះពិនិត្យមើលទីតាំងនេះកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅមុខសាលាខេត្តកំពង់ឆ្នាំង ស្ថិតសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញនិមន្តចូលរួមពីព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតី វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត រួមនិងប្រតិភូរមន្ត្រីសង្ឃជាច្រើនអង្គផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាន៍ថា ការចាត់ចែងតាំពិពណ៌បានផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម ។ មិនតែប៉ុណ្ណោះ គឺដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេស យុវជន កូនចៅខ្មែរជំនាន់ក្រោយ ឲ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំង បណ្ដុះស្មារតីអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ របស់យើង ផងដែរ។

ទន្ទឹមនឹងនេះឯកឧត្តមបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ស្រោចទឹកស្មៅបន្តទៀត និងដាក់ជីទីតាំងដែលត្រូវប្រារព្ធពិធីដើម្បីឲ្យស្មៅដុះបានល្អ ពិសេសគឺរៀបចំបរិវេណឲ្យបានធំទូលាយងាយស្រួលប្រារព្ធពិធីប្រកបដោយបរិយាកាសស្រស់បំព្រង។ ក្នុងនោះផងដែរអ្វីដែលឲ្យគួរឲ្យកត់សម្គាល់គឺត្រូវរៀបចំឲ្យមានផ្លូវចេញចូលប្រកបដោយសុវត្ថិភាព ក្នុងការធ្វើដំណើរពេលដែលប្រារព្វពិធីច្រត់ព្រះនង្គ័ល និងត្រៀមទីតាំងសម្រាប់ចតយានយន្តគ្រប់ប្រភេទ។

ឯកឧត្តមអភិបាលខេត្តបានរំលឹកឡើងវិញថា ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ចាត់ទុកព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការពញ្ញាក់សា្មរតីពួកគេ ឱ្យត្រៀម ស្រូវពូជ និងគ្រាប់ពូជដំណាំផ្សេងៗ គោក្របី រទេះ ឧបករណ៍សម្រាប់ធ្វើកសិកម្ម កម្លាំងពលកម្ម កូនចៅ អ្នកភូមិផងរបងជាមួយសម្រាប់ប្រវ៉ាស់ដៃគ្នា ក្នុងការធ្វើស្រែចម្ការ ព្រោះថារដូវវស្សារបានចូលចូលមកដល់ហើយ។ ទោះបីជាសព្វថ្ងៃវិទ្យាសាស្រ្តមានភាពជឿនលឿន ហើយប្រទេសកម្ពុជា ក៏ជឿនលឿន តាមគោលការណ៍ទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនបរទេសមកបណ្តាក់ទុន បង្កើតជា រោងចក្រ សហគ្រាស ទាំងតូច មធ្យម គ្រប់ប្រភេទ ក៏ពិតមែន ប៉ុន្តែវិស័យកសិកម្មនៅតែជាវិស័យអាទិភាពមួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយវិស័យនេះបានបន្តរួមចំណែកប្រមាណជា៤០ភាគរយ នៃផលិតផលនៅក្នុងស្រុកសរុប៕


ដោយ៖ បៃ ស៊ីថុន





