ព្រះមហាក្សត្រហ្ស៊កដានី៖ ស្ថិរភាពក្នុងតំបន់អាស្រ័យលើរដ្ឋប៉ាឡេស្ទីនឯករាជ្យ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍មួយពីរាជវាំងនៃប្រទេសហ្ស៊កដានី បានឱ្យដឹងថា ព្រះមហាក្សត្រអាប់ឌុលឡាហ៍ទី២ បានមានបន្ទូលថា ស្ថិរភាពក្នុងតំបន់អាស្រ័យលើការធានាសិទ្ធិប៉ាឡេស្ទីន និងការសម្រេចបានដំណោះស្រាយរដ្ឋពីរ ដែលនឹងបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។
ព្រះអង្គបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅទីក្រុងអាមមេន ជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាហ៍មូដ អាប់បាស់ (Mahmoud Abbas) ។ ព្រះមហាក្សត្របានបញ្ជាក់ជាថ្មីអំពីការបដិសេធរបស់ប្រទេសហ្ស៊កដានីចំពោះវិធានការរបស់អ៊ីស្រាអែលដែលមានគោលបំណង «បង្កើតការពិតថ្មីនៅលើដី» នៃទីក្រុងហ្សេរុយសាឡឹម តំបន់វេសប៊ែង និងតំបន់ហ្គាហ្សា ដោយព្រះអង្គបានបន្ថែមថា ប្រទេសហ្ស៊កដានីនឹងខិតខំកសាងការគាំទ្រពីអន្តរជាតិដើម្បីទប់ទល់នឹងវិធានការទាំងនោះ។
មេដឹកនាំទាំងពីរបានពិភាក្សាអំពី «សកម្មភាពឯកតោភាគីដែលកំពុងកើនឡើង» នៅក្នុងតំបន់វេសប៊ែង និងបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងពីអន្តរជាតិឱ្យកាន់តែខ្លាំងក្លា ដើម្បីបញ្ឈប់ការពង្រីកការតាំងទីលំនៅ និងចលនាឆ្ពោះទៅរកអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន។
លោក អាប់បាស់ បានសរសើរការគាំទ្ររបស់ប្រទេសហ្ស៊កដានីចំពោះសិទ្ធិប៉ាឡេស្ទីន និងកិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួនដើម្បីប្រមូលការគាំទ្រពីអន្តរជាតិ។
មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសហ្ស៊កដានី និងប៉ាឡេស្ទីន ហើយបានមានប្រសាសន៍ថា ពួកគេនឹងបន្តសម្របសម្រួល និងពិគ្រោះយោបល់លើផលប្រយោជន៍រួម និងកង្វល់របស់តំបន់អារ៉ាប់ឱ្យកាន់តែទូលំទូលាយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





