ជំនួបជាមួយក្រសួងវប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥--
ក្នុងដំណើរបំពេញទស្សនកិច្ចនៃកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី។

ក្នុងជំនួបនេះតំណាងក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី បានបង្ហាញអំពីផែនការមេថ្នាក់ជាតិស្តីពី Outdoor Adventure Education (OAE) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ និងជាផ្នែកមួយបន្ថែមលើមុខវិជ្ជាអប់រំកាយ ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពរបស់សិស្សក្នុងសតវត្សទី២១ សម្រាប់យុវជន តាមរយៈការអនុវត្តជំនាញរស់នៅក្រៅផ្ទះ (Outdoor Living Skills) ដែលបរិយាកាសខាងក្រៅបានផ្តល់នូវប្រយោជន៍សម្រាប់សិស្សានុសិស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ក្នុងការសហការគ្នាដោះស្រាយបញ្ហា និងធ្វើការសម្រេចចិត្តនៅក្រោមស្ថានភាពជាក់ស្តែង ដែលរួមចំណែកពង្រឹងភាពធន់ ភាពជឿជាក់លើខ្លួនឯង និងភាពជាអ្នកដឹកនាំរបស់ពួកគេ ហើយបើតាមការអះអាងពីតំណាងក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរីថា ចាប់តាំងពីការដាក់ឱ្យអនុវត្តផែនការមេនេះ ប្រទេសសិង្ហបុរីបានក្លាយជាប្រទេសទី១ ក្នុងចំណោមប្រទេសសមាជិកបណ្តាញ Outward Bound International ដែលបានដាក់បញ្ចូលកម្មវិធី Outward Bound ទៅក្នុងកម្មវិធីសិក្សាជាតិរបស់ខ្លួន៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





