ប្រធាននាយកដ្ឋានវិស្វកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរយាយហុក និងគម្រោងសាងសង់សំណង់ស្ទាក់ទឹកពោធិ៍អណ្តែត ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥--
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារអូរយាយហុក និងវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកពោធិ៍អណ្តែត ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

លោក ថាំង វីយុទ្ធដា បានបញ្ជាក់ថា វឌ្ឍនភាពការងារស្តារអូរយាយហុក សម្រេចបានប្រមាណ ៥០ភាគរយ ហើយការងារសំខាន់របស់គម្រោងរួមមាន៖ ទី១) ស្តារអូរយាយហុកប្រវែង ៤០០០ម៉ែត្រ និងទី២) សាងសង់សំណង់សិល្បការ្យចំនួន១៥កន្លែង។ បន្ទាប់ពីការងារស្ដាររួចរាល់ គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១០៣១ហិកតា រដូវប្រាំងចំនួន ៦០០ហិកតា និងដំណាំរួមផ្សំ២៥ហិកតា សម្រាប់បងប្អូនប្រជាកសិករប្រមាណ២០៤២គ្រួសារ ស្ថិតក្នុងភូមិចំនួន៦ នៃឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់បន្ថែមទៀតថា គម្រោងសាងសង់សំណង់ស្ទាក់ទឹកពោធិ៍អណ្តែត (ជំហាន២) ចំនួន ១កន្លែង។ ដោយឡែក គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារដីសម្រេចបានប្រមាណ ៥០%។ បន្ទាប់ពីសាងសង់រួចរាល់ គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១៣៨៥ហិកតា រដូវប្រាំងចំនួន ៥៩៥ហិកតា និងដំណាំរួមផ្សំ ៩០ហិកតា ដល់បងប្អូនប្រជាកសិករប្រមាណ ២០២៩គ្រួសារ ស្ថិតក្នុងភូមិចំនួន១៤ នៃឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម )





