ឯកឧត្តម ឆាយ ឫទ្ធិសែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥--
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ“ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនប (ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤) ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង (ទី៥) ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់លើការរៀបចំភូមិគំរូគន្លឹះ ព្រោះភូមិគំរូគន្លឹះ គឺជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍដែលផ្ដល់សេវាសង្គម សេដ្ឋកិច្ច និងផលជះវិជ្ជមានដល់ភូមិដទៃដែលនៅជុំវិញ ដែលអាចធានាបាននូវកំណើនមុខរបរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ដែលកាត់បន្ថយវិសមភាពសង្គមរវាងជនបទ និងទីក្រុង ពោលគឺជាតំបន់ជនបទស៊ីវិល័យ ព្រមទាំងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសឥណ្ឌានាពេលកន្លងមកលើវិស័យ វប្បធម៌ អប់រំ និងលើផ្នែកជាច្រើនទៀត។ ជាមួយគ្នានេះប្រទេសឥណ្ឌាក៏បានផ្តល់ជាជំនួយតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទដូចជា គម្រោងអភិវឌ្ឍន៍សហគមន៍ចម្រុះតាមរយៈទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, គម្រោងលុបបំបាត់សារធាតុអាសេនិច ពីទឹកបរិភោគនៅជុំវិញបឹងទន្លេសាប, គម្រោងការការពារបរិស្ថានតាមរយៈ ការលុបបំបាត់សារធាតុបំពុល ក៏ដូចជាការផ្តល់ជាវគ្គបណ្តុះបណ្តាលនានាជូនដល់មន្ត្រីរបស់ក្រសួងអភិវឌ្ឍន៍ផងដែរ។
ឯកឧត្តមក៏បានលើកឡើងបន្ថែមទៀតថាប្រទេសឥណ្ឌាជាប្រទេសមួយដែលមានក្រសួងអភិវឌ្ឍន៍ជនបទដាច់ដោយឡែក ដូចប្រទេសកម្ពុជាដែរ ដូចនេះឯកឧត្តមរដ្ឋមន្ត្រីក៏ស្នើសូមតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការផ្សាភ្ជាប់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ក្នុងការចែករំលែកនៅបទពិសោធន៍រវាងគ្នាក្នុងការរៀបចំ និងអភិវឌ្ឍន៍នៅតំបន់ជនបទ។

ជាការឆ្លើយតប ឯកឧត្តម Vanlalvawna Bawitlung បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តម ព្រមទាំងសហការីបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានមានប្រសាសន៍ថា ការអភិវឌ្ឍជនបទនៅក្នុងប្រទេសទាំងពីរមានសភាពប្រហាក់ប្រហែលគ្នាដោយបច្ចុប្បន្នប្រជាជនឥណ្ឌាប្រមាណ ៥០% គឺរស់នៅតំបន់ជនបទ។ មួយវិញទៀតរដ្ឋាភិបាលឥណ្ឌាក៏បានកំណត់ចក្ខុវិស័យរបស់ខ្លួនប្រែក្លាយប្រទេសឥណ្ឌាជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០៤៧ផងដែរ ដោយបានបន្ថែមទៀតថាឥណ្ឌា និងបន្តគាំទ្រ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈការផ្តល់ជាជំនួយផ្សេងៗបន្ថែមទៀត ការផ្តល់ជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទជូនដល់មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីដែលអញ្ជើញមកនាពេលនេះ ក៏ដូចជាថ្លែងអំណរគុណចំពោះឯកឧត្តម ដែលប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពរឹងមាំបន្តទៅទៀត៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





