សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថៃជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥--
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ខណៈដែលកម្ពុជាត្រៀមខ្លួនជាស្រេច និងបើកចំហរជានិច្ច ព្រមទាំងមានឆន្ទៈ ចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ ។

ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងសន្និសីទរួមគ្នា ស្តីពីលទ្ធផលនៃជំនួបទ្វេភាគី រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដោយសម្តេចធិបតី បានគូសបញ្ជាក់ថា នៅថ្ងៃនេះសម្តេច និងលោកជំទាវ បានពិភាក្សា អំពីអាទិភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់កម្ពុជា-ថៃ និងធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា ចំនួន៧ ដែលទាំងនេះ គឺជាជំហានជាក់ស្តែង ក្នុងការប្រែក្លាយទស្សនវិស័យរួមរបស់កម្ពុជានិងថៃ ឱ្យក្លាយទៅជាលទ្ធផលដ៏ពិតប្រាកដ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា«ប្រទេសថៃជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដ៏សំខាន់របស់កម្ពុជា ហើយយើងបានពិភាក្សាគ្នាអំពីយន្តការជាក់ស្តែង និងគំនិតផ្តួចផ្តើម បំពេញបន្ថែមផ្សេងៗគ្នា របស់រដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ របស់ប្រទេសទាំងពីរបន្ថែមទៀត»។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ធុរជនថៃ ចំពោះការយកចិត្តទុកដាក់ និងសម្រេចចិត្តបណ្តាក់ទុន ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ។
បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងថា កម្ពុជា បានត្រៀមខ្លួនជាស្រេច និងបើកចំហរជានិច្ច ព្រមទាំងមានឆន្ទៈ ចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ក្រុមការងារ AKP





