ឯកឧត្តម ចាយ បូរិន អនុញ្ញាតឱ្យនាយកអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នំា២០២៥-- ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យលោក ហ្សាណេស អ៊ីម៉ានូអែល ជីនធីង (Janes Imanuel Ginting) នាយកអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំប្រទេសកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ លោកនាយកអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំប្រទេសកម្ពុជា បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីសកម្មភាពការងាររបស់អង្គការបានអនុវត្តនាពេលកន្លងមកនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាង៥០ឆ្នាំមកហើយ ដោយផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ វិស័យអភិវឌ្ឍន៍ជនបទ អប់រំ សង្គមកិច្ច និងសុខាភិបាលតាមរយៈកម្មវិធី សុខភាពនិងអាហាររូបត្ថម្ភ កម្មវិធីទឹកស្អាត និងអនាម័យ កម្មវិធីអប់រំ កម្មវិធីការការពារ និងការចូលរួមរបស់កុមារ ក្រោមការយកចិត្តទុកដាក់សហការយ៉ាងជិតស្និត របស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះ លោកនាយកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែចូលរួមសហការ និងផ្តល់អនុសាសន៍បង្ហាញរាល់សកម្មភាពការងារ ដែលអង្គការបានបានអនុវត្តនាពេលកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងថ្លែងអំណរគុណដល់ លោកនាយកអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំប្រទេសកម្ពុជា ដែលបានខិតខំបំពេញបេសកកម្មមនុស្សធម៌ គាំពារលើកម្មវិធីអប់រំ អំពីហឹង្សាលើស្រ្តី និងកុមារ ជាដើម ព្រមទាំងបានមានប្រសាសន៍ថា ប្រមុខដឹកនាំកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នប្រធានព្រឹទ្ធសភា តែងតែបានផ្តល់អនុសាសន៍ជំរុញក្នុងការលើកកម្ពស់ សីលធម៌ គុណធម៌ សេចក្តីថ្លៃថ្នូរ តាមរយៈវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងសាសនាផ្សេងៗក្នុងប្រទេសកម្ពុជា ពិសេសរក្សាឲ្យបាននូវសុខដុមនីយកម្មសាសនានៅទូទាំងប្រទេស។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញកិច្ចសហប្រតិបត្តិការលើស័យមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជាកាន់តែរីកចម្រើន និងសូមជូនពរដល់លោក នាយកអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំប្រទេសកម្ពុជា និងសហការីទាំងអស់ សម្រាប់ការបន្តបេសកកម្មការងារនៅកម្ពុជា ទទួលបានជោគជ័យ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងធម្មការ)





