រដ្ឋបាលខេត្តបន្ទាយមានជ័យទទួលអំណោយសម្ភារការិយាល័យពីការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែមេសា ឆ្នំា២០២៥--រដ្ឋបាលខេត្តបន្ទាយមានជ័យបានទទួលសម្ភារប្រើប្រាស់ក្នុងការិយាល័យជាច្រើនមុខ ដែលជាអំណោយរបស់ការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាបនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ដោយពិធីប្រគល់ និងទទួលសម្ភារនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំ ខ នៃសាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈការផ្តល់សម្ភារប្រើប្រាស់ចាំបាច់សម្រាប់ការបំពេញការងារ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយដែលការិយាល័យកុងស៊ុលចិនបានផ្តល់ជំនួយសប្បុរសធម៌ដល់ខេត្តបន្ទាយមានជ័យ ដោយកន្លងមកក៏បានផ្តល់ជូននូវសម្ភារៈជាច្រើនដូចជា កុំព្យូទ័រ និងសម្ភារការិយាល័យផ្សេងៗទៀតជាបន្តបន្ទាប់។ អំណោយដ៏មានតម្លៃទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញការងាររបស់មន្ត្រីរាជការក្នុងខេត្ត និងជាការបង្ហាញឱ្យឃើញនូវចំណងមិត្តភាពដ៏រឹងមាំរវាងខេត្តបន្ទាយមានជ័យ និងការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប ក៏ដូចជាប្រទេសចិនទាំងមូល។

សូមជម្រាបជូនថា សម្ភារដែលរដ្ឋបាលខេត្តបន្ទាយមានជ័យទទួលបាន រួមមាន កុំព្យូទ័រយួរដៃ Lenovo ចំនួន ៩ គ្រឿង ថេប្លេត Huawei Matepad ចំនួន២គ្រឿង ម៉ាស៊ីនព្រីន Epson ចំនួន ៣ គ្រឿង ម៉ាស៊ីនព្រីនពណ៌ Canon ចំនួន៣គ្រឿង៕

ដោយ ឈុន សារ៉ាត





