ផ្លូវបេតុងថ្មី០១ខ្សែបានដំណើរការស្ថាបនានៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៣ ខែមេសា ឆ្នំា២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំសហការី ត្រួតពិនិត្យសកម្មភាពចាក់បេតុងស្ថាបនាផ្លូវបេតុងថ្មី០១ខ្សែទៀត មានប្រវែង៣០០ម៉ែត្រ ទទឹង០៥ម៉ែត្រ និងកម្ពស់០,១៥ម៉ែត្រ ដែលជាចំណងដៃរបស់គណៈបញ្ជាការយោធាខេត្តដុងណាយនៃកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការយោធាខេត្តដុងណាយនៃកងទ័ពប្រជាជនវៀតណាមដែលបានផ្តល់ថវិកាជួយស្ថាបនាផ្លូវបេតុង០១ខ្សែថ្មីទៀតនៅពេលនេះហើយនាពេលកន្លងមកគណៈបញ្ជាការយោធាខេត្តដុងណាយនៃកងទ័ពប្រជាជនវៀតណាមក៏បានជួយសាងសង់អាគារសាលប្រជុំ០១ខ្នង និងគ្រឿងបំពាក់ផ្សេងៗដែលមានតម្លៃជាង១៣ម៉ឺនដុល្លារនិងអាគារគិលានដ្ឋាន០១ខ្នង ដែលមានតម្លៃជាង៥ម៉ឺនដុល្លារ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមវិស្វកម្មដែលមានភារកិច្ចស្ថាបនាផ្លូវបេតុងថ្មីនេះធ្វើយ៉ាងណាការស្ថាបនាផ្លូវនេះឱ្យមានគុណភាព និងសោភ័ណភាពល្អដើម្បីបម្រើឱ្យការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗដែលជាសេចក្តីត្រូវការចាំបាច់របស់អង្គភាព៕




ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





