មន្ទីរកិច្ចការនារីខេត្តកំពង់ធំបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរនៅឃុំបឹងល្វា និងឃុំក្រយា
AKP កំពង់ធំ ថ្ងៃទី២៣ ខែមេសា ឆ្នំា២០២៥-- មន្ទីរកិច្ចការនារីខេត្តសហការជាមួយអាជ្ញាធរស្រុក និងឃុំ បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ និងការបញ្ជ្រាបជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋនៅឃុំបឹងល្វា និងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់ លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំនិងលោកស្រីឡេង សុខី អភិបាលស្រុកសន្ទុក ដោយវគ្គអប់រំផ្សព្វផ្សាយនេះរៀបចំឡើងនៅទីតាំងពីរផ្សេងគ្នា គឺពេលព្រឹកនៅឃុំបឹងល្វាដែលមានអ្នកចូលរួមចំនួន១០០នាក់ (ស្រី៤២នាក់) និងពេលរសៀលនៅឃុំក្រយាមានអ្នកចូលរួមចំនួន៩៩នាក់ (ស្រី៥៣នាក់)។

លោកស្រី ស៊ិន ស៊ីផាន បានបង្ហាញពីគោលបំណងបង្កើនការយល់ដឹងអំពីសីលធម៌សង្គមតម្លៃស្រ្តីនិងគ្រួសារខ្មែរ។ ការយល់ដឹងពីតួនាទី និងការទទួលខុសត្រូវរបស់ឪពុកម្តាយ តួនាទីបុត្រធីតា និងច្បាប់ពាក់ព័ន្ធនានានិងយល់ដឹងអំពីការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារជំងឺគ្រុនចាញ់នៅក្នុងសហគមន៍ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានការចូលរួមបញ្ចេញមតិយោបល់លើបញ្ហាផ្សេងៗទាក់ទងនឹងជំងឺគ្រុនចាញ់ធ្វើការពិភាក្សាស្វែងរកដំណោះស្រាយនឹងទៅទទួលសេវាពិនិត្យព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាដើម្បីកាត់បន្ថយបញ្ហាកើតមានក្នុងគ្រួសារនៅតាមសហគមន៍និងឱ្យមានការរស់នៅប្រកបដោយសុខសុវត្ថិភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា នៅក្នុងវគ្គអប់រំផ្សព្វផ្សាយ និងការបញ្ជ្រាបជំងឺគ្រុនចាញ់នេះមានបញ្ជីសំណួរឆ្លើយចាប់រង្វាន់ មានសារុង និងមុងជ្រលក់ថ្នាំជូនអ្នកចូលរួមឆ្លើយសំណួរត្រូវ ក្នុងនោះមានសារុងចំនួន២០ និងមុងចំនួន២៥៕


ដោយ ស៊ុម វណ្ណា





