មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥--លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបូកសរុបលទ្ធផលការងារការពារធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងសភាពការណ៍លើខែ្សបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ។

លោកមេបញ្ជាការ បានដាស់តឿនដល់នាយ ពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីតួនាទីភារកិច្ចចំពោះមុខ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ បទវិន័យ លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងត្រៀមកម្លាំង សម្ភារៈប្រើប្រាស់ ដើម្បីចល័តចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រួមនឹងជំរុញអោយគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតអោយបានជាប់ជាប្រចាំ និងបានដាក់ចេញនូវបទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍ ។

ទន្ទឹមនឹងនោះដែរ លោកមេបញ្ជាការ បានបញ្ជាក់ថា ក្នុងនាមជាកងកម្លាំង ត្រូវតែមានភក្ដីភាពស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យបានរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ត្រូវហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារ បូរណភាពទឹកដី ការពារសុខសុវត្ថិភាពសាធារណៈជូនប្រជាជន ។ ត្រូវមានឆន្ទៈស្មារតីទទួលខុសត្រូវខ្ពស់ទប់ស្កាត់ រាល់សកម្មភាពនៃការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានបំណងធ្វើឱ្យកម្ពុជាមានភាពអសកម្ម លើការអភិវឌ្ឍន៍ប្រទេសជាតិ ៕

ដោយ៖ ណយ នឿន (ប្រភព៖កងទ័ពជើងគោក)





