វិស័យធានារ៉ាប់រងកម្ពុជាឆ្នាំ២០២៤ ទំហំទីផ្សារកើនឡើង ៣៥៧ លានដុល្លា ដោយមានទ្រព្យសកម្មសរុបប្រមាណ ១,២ ប៊ីលានដុល្លារ
AKPភ្នំពេញថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០២៥-- វិស័យធានារ៉ាប់រងកម្ពុជា សម្រេចបានកំណើនទីផ្សារក្នុងអត្រាជាមធ្យមប្រមាណ ២០ភាគរយ ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយ។ សម្រាប់ឆ្នាំ២០២៤ ទំហំទីផ្សារកើនឡើងដល់ប្រមាណ ៣៥៧ លានដុល្លារអាម៉េរិកនៃបុព្វលាភធានារ៉ាប់រងដុល ដោយមានទ្រព្យសកម្មសរុបប្រមាណ ១,២ ប៊ីលានដុល្លារអាម៉េរិក, និងមានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៤០ កំពុងធ្វើប្រតិបត្តិការ អាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៊ូច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា។

ថ្លែងក្នុងវេទិការចែករំលែកព័ត៌មានអំពី”បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ជាមួយក្លិបអ្នកកាសែតកម្ពុជា”នាសណ្ឋានគារកាំបូឌីយាណានៅថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០២៥នេះឯកឧត្តម ប៊ូច័ន្ទភីរូ បានឱ្យដឹងថាក្នុងចំណោមក្រុមហ៊ុនធានារាប់រងទាំង៤០នេះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ និងក្រុមហ៊ុន ធានារ៉ាប់រងបន្តចំនួន ១។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនផ្តល់សេវាគាំទ្រអាជីវកម្មធានារ៉ាប់រងមួយ ចំនួនផ្សេងទៀតផងដែរ រួមមាន ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៤០, ក្រុមហ៊ុនជើងសាធានា រ៉ាប់រងចំនួន ២០ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ៤។

ឯកឧត្តមបានបញ្ជាក់បន្ថែមថាៈ ក្នុងឆ្នាំ២០២៤ ប្រសិនបៀបធៀបនឹងទំហំសេដ្ឋកិច្ចជាតិ ទីផ្សារធានារ៉ាប់រង កម្ពុជា រួមចំណែកតែប្រមាណ ១.១៣ភាគរយ ដោយមនុស្សម្នាក់ៗប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណ តែជាង ២០ដុល្លារអាម៉េរិក ប៉ុណ្ណោះ។ ការណ៍នេះបានបង្ហាញឱ្យឃើញថាទំហំទីផ្សារធានារ៉ាប់រង នៅកម្ពុជា នៅមានកម្រិតទាបបើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដែលបណ្តាលមកពីកត្តាមួយ ចំនួនដូចជា កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះទំនុកចិត្តរបស់សាធារណជនមកលើសេវាធានារ៉ាប់រងជាដើម។

លោក នី លីហួង ប្រធានគណៈកម្មការអប់រំនៃសមាគមធានារ៉ាប់រងនៅកម្ពុជា បានឱ្យដឹងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជាទាំងមូលមានកំណើនប្រមាណ ៣.៥ ភាគរយ ក្នុងឆ្នាំ ២០២៤ និងជាមធ្យម ៧.១ភាគរយ ក្នុងមួយឆ្នាំរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ផលិតផលធានារ៉ាប់រងទូទៅដែលបាននាំមុខគេ គឺផលិតផលធានារ៉ាប់រងទ្រព្យសម្បត្តិ អគ្គិភ័យ សុខភាព និងយានយន្តជាដើម។
ចំពោះលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានលើកឡើងថា ក្នុងឆ្នាំ២០២៤ កន្លងមក ការទូទាត់សំណងធានារ៉ាប់រងមានទំហំទឹកប្រាក់ប្រមាណ ៩១លានដុល្លារអាមេរិក ពោលរយៈពេល៥ឆ្នាំចុងក្រោយ វិស័យធានារ៉ាប់រងមានកំណើនប្រមាណជា ២១ភាគរយក្នុងមួយឆ្នាំ។

គួររំលឹកដែរថាថាចំនួនក្រុមហ៊ុនធានារ៉ាប់រងគិតចាប់ពីឆ្នាំ១៩៩០ នៅពេលទីផ្សារធានារ៉ាប់រងកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងទូទៅតែ ១ គត់ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនធានារ៉ាប់រងមានសរុប ៤០។ក្នុងនេះក្រុមហ៊ុនធានារ៉ាប់រងបន្តមានចំនួន១,ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ១៤,ក្រុមហ៊ុនធានារ៉ាប់រងទូទៅ១៨,ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧៕

ដោយ៖ដេប៉ូ,រូបភាព៖លោក ស៊ិន សារ៉េត





