សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅឯមន្ទីរពេទ្យកាល់ម៉ែត
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥-- សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងសហការី នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកភេសជ្ជៈផ្លែឈើ និងថវិកាជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយការដួលប៉ះទង្គិចប្រព័ន្ធប្រសាទ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១បាននាំនូវប្រសាសន៍ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកជំទាវបណ្ឌិតសភាចារ្យ និងថ្លែងអំណរគុណចំពោះគុណបំណាច់ដ៏ធំធេងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ដែលកន្លងមកបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មាតី ខិតខំបម្រើឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនគ្រប់រូប។ មិនត្រឹមតែប៉ុណ្ណោះទេព្រឹទ្ធាចារ្យបានជួយបណ្តុះបណ្តាលអប់រំទូន្មានប្រៀនប្រដៅដល់បញ្ញាវ័ន្តគ្រប់រូបប្រកបដោយព្រហ្មវិហារធម៌ ទឹកចិត្តសន្តោសប្រណីថ្លៃថ្លារហូតបានក្លាយជាថ្នាក់នាំ និងជាមូលធនមនុស្សដ៏ល្អសម្រាប់សង្គមជាតិ។


ជាមួយគ្នានេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលយកចិត្តទុកដាក់ក្នុងការព្យាបាលជូនលោកជំទាវបណ្ឌិតសភាចារ្យ និងសូមគោរពជូនពរលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ឆាប់បានជាសះស្បើយពីជំងឺ មានសុខភាពល្អ និងកម្លាំងមាំមួនឡើងវិញ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





