ឯកឧត្តម អ៊ុន ចាន់ដា៖ មនសិការពលរដ្ឋល្អ ជាការបណ្តុះឥទ្ធិពលវិជ្ជមានដល់យុវជនសម្រាប់សហគមន៍ និងប្រទេសជាតិ
AKP កំពង់ចាម ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងថា មនសិការពលរដ្ឋល្អ ជាការបណ្តុះ ឥទ្ធិពលវិជ្ជមានដល់យុវជនសម្រាប់សហគមន៍ និងប្រទេសជាតិ។ មនសិការពលរដ្ឋល្អ ជាស្នូលនៃសកម្មភាពរបស់ខ្លួន បណ្តុះស្មារតីយុវជនឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ជាតិ។ មនសិការពលរដ្ឋល្អ មិនមែនគ្រាន់តែជាទ្រឹស្ដីនោះទេ វាគឺជាការអនុវត្តជាក់ស្ដែងតាមរយៈសកម្មភាពរបស់យុវជនយើង ដែលបានជះឥទ្ធិពលវិជ្ជមានដល់សហគមន៍ និងប្រទេសជាតិ។ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តែងតែលើកកម្ពស់ «មនសិការពលរដ្ឋល្អ» ជាស្នូលនៃសកម្មភាពរបស់ខ្លួន ដើម្បីបណ្តុះស្មារតីយុវជនឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ជាតិ។

ឯកឧត្តម អភិបាលខេត្តថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលផ្ដល់អនុសាសន៍ណែនាំដល់ប្រតិភូគ្រូបង្គោល និងយុវជនសមាជិកក្លឹបមនសិការពលរដ្ឋល្អចំនួន ៣៤២ នាក់ ដើម្បីត្រៀមលក្ខណៈចេញដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រសំបូរព្រៃគុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នេះក្រោមប្រធានបទ «យុវជន និងអតីតកាលដើម្បីថែរក្សា និងស្ថាបនាអនាគត»។ 
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ពលរដ្ឋល្អ គឺជាបុគ្គលដែលមានទាំងសមត្ថភាព ចំណេះដឹង និង គុណធម៌ ទឹកចិត្តសប្បុរស។ ដើម្បីក្លាយជាយុវជន ជាសសរទ្រូងដ៏រឹងមាំសម្រាប់ជាតិនិងកម្លាំងចលករដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ ២០៥០ ចូរក្មួយៗ យុវជនទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវ គោលជំហរច្បាស់លាស់ ក្នុងស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាតិ ការថែរក្សាការពារសន្តិភាព និងត្រូវយល់ដឹងពីតម្លៃនៃសន្តិភាព និងចូលរួមការពាររាល់សមិទ្ធផលសង្គម ដោយសង្កត់ធ្ងន់ថា «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ជាពលរដ្ឋល្អ ជាបុគ្គលដែលមានទាំងសមត្ថភាព ចំណេះដឹង និង គុណធម៌ ទឹកចិត្តសប្បុរស ។ 
ឯកឧត្តមអ៊ុន ចាន់ថា បានលើកឡើងថា ក្រោមម្លប់សុខសន្តិភាព និង ឯកភាពជាតិពេញលេញ និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តកំពង់ចាម ទទួលបានសមិទ្ធផល រូបវន្តជាច្រើនលើគ្រប់វិស័យនិងភាពសម្បូរសប្បាយរបស់ប្រជាជន ក្រោមនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍ឯកដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយជោគជ័យបន្ទាប់ពីប្រទេសជាតិទទួលបានជ័យជម្នះនៅថ្ងៃ ៧ មករា ១៩៧៩ និងបានបន្តដល់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា គឺយើងនូវតែបន្តរក្សាបាននូវសុខសន្តិភាពស្ថិរភាពនយោបាយសង្គម ស្ថិរភាពសេដ្ឋកិច្ច សង្គម និងបានកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៕

ដោយ ឆាយ ម៉ុត





