ភ្ញៀវទេសចរបរទេសជាង៨០០នាក់ ទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែក្រុងព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦-- នាវាទេសចរណ៍អន្តរជាតិមួយគ្រឿងដឹកភ្ញៀវទេសចរអន្តរជាតិ ចម្រុះជាតិសាសន៍ជាង៨០០នាក់បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយពេល ២ថ្ងៃ គឺពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។លោកសាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ និងសហការរីបានអញ្ជើញទៅទទួលភ្ញៀវទេសចរដែលធ្វើដំណើតាមនាវាទេសចរណ៍នេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ 
បើតាមមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ Viting ORION មានសញ្ជាតិ Norway មានបណ្តោយប្រវែង ២២៨.៣០ម៉ែត្រ,ទទឹងប្រវែង២៨.៨០ម៉ែត្រ,ជំរៅទឹក ៦.៦៥ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ៨២២នាក់ ស្រី ៤៣៩នាក់ ស្មើនឹង ២៣សញ្ជាតិ និងមាននាវិកសរុបចំនួន ៤៦៧នាក់ ស្រី ១១៦នាក់ ស្មើនឹង ៣០សញ្ជាតិ។ 
នាវាទេសចរណ៍នេះមានឈ្មោះ Viting ORION បានធ្វើដំណើរចាកចេញពីប្រទេស Thai ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង១២ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម ។ ភ្ញៀវទេសចរដែលធ្វើដំណើតាមនាវា Viting ORION ដែលមានសញ្ជាតិច្រើនជាងគេ USA ចំនួន ៦២៩នាក់ ។ ភ្ញៀវទេសចរបរទេសចូលក្នុងប្រទេសកម្ពុជាបន្តដំណើរចេញទៅទស្សនកិច្ចប្រាសាទអង្គរ ខេត្តសៀមរាប មានចំនួន ៣៣នាក់ ស្រី ១៧នាក់ ស្មើនឹង៤សញ្ជាតិ និងភ្ញៀវទេសចរបរទេសមកពីខេត្តសៀមរាប ចេញតាមនាវាមានចំនួន ៣នាក់ ស្មើ
១សញ្ជាតិ។

ក្នុងការចូលសំចតរបស់នាវាទេសចរណ៍បរទេសនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ មន្ត្រីអន្តោប្រវេសន្ត៍នៃកំពង់ផែស្វ័យ័តបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលបែបបទជូនភ្ញៀវបានលឿន ឆាប់រហ័ស ដើម្បីឱ្យភ្ញៀវទេសចរមានពេលវេលាក្នុងការធ្វើដំណើរទស្សនកិច្ចនៅលើទឹកដីខេត្តតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសដំណើរកម្សាន្តនៅក្នុងខេត្តព្រះសីហនុ។
ចំពោះទីតាំងសម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តមានដូចជា ភូមិអ្នកនេសាទទំនប់រលក ទីប្រជុំជនផ្សារ តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រូបសំណាកក្នុងក្រុង។ តំបន់ទេសចរណ៍វប្បធម៌មានដូចជា៖ វត្តអារាមនានាក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ៕
ដោយ ងូ សុមុនី





