អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនជូនដល់ប្រជាពលរដ្ឋតាមរយៈការជិះរថយន្ដក្រុងទៅលេងស្រុកកំណើត
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥--
អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ បានសហការរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនជូនដល់ប្រជាពលរដ្ឋទៅលេងស្រុកកំណើត តាមរយៈមធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបាននាំយកការថ្លែងអំណរគុណ និងកោតសរសើរពីរឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញដែលតែងតែផ្តល់កិច្ចសហការល្អផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានស្នើសុំ និងផ្ដល់ស្ទីកឃ័រ QR Code App NoDrug សម្រាប់បិទផ្សាយនៅលើរថយន្តក្រុង ផ្ទាំង៦០០គ្រឿង ដែលនឹងជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទាញយកនិងប្រើប្រាស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។


ជាមួយគ្នានេះដែរ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញបានសាទរនិងទទួលយកនូវការស្នើសុំកិច្ចសហការធ្វើសកម្មភាពផ្សព្វផ្សាយនេះ ហើយលោកក៏បានជំរុញឱ្យអ្នកបើកបរក៏ដូចជាអ្នកបម្រើការនៅលើរថយន្តទាំងអស់ឱ្យជួយផ្សព្វផ្សាយបំផុសប្រជាពលរដ្ឋទាញយកApp NoDrug :https://nodrugsnacd.com/download_kh ប្រើប្រាស់។


ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានសូមថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញដែលបានអនុញ្ញាតជាគោលការណ៍ ដើម្បីសហការរៀបចំពិធីផ្សព្វផ្សាយនេះ ក្នុងគោលដៅចូលរួមទប់ស្កាត់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន៕

ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





