អភិបាលខេត្តកំពតណែនាំដល់មន្ត្រីឲ្យខិតខំអភិវឌ្ឍខ្លួនដើម្បីក្លាយជាមេដឹកនាំល្អនិងជាគំរូល្អក្នុងសង្គម
AKP ខេត្តកំពតថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥--
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានជួបសំណេះសំណាលជាមួយមន្ត្រីសាលាខេត្តទាំងអស់ដើម្បីផ្តល់ជូនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន សម្រាប់យកទៅជូនដល់ឱពុកម្តាយ យាយតា ពេលទៅធ្វើបុណ្យនៅឯស្រុកកំណើត។ ឯកឧត្តមបានណែនាំដល់មន្ត្រីឲ្យខិតខំអភិវឌ្ឍខ្លួនដើម្បីក្លាយជាមេដឹកនាំល្អ និងជាគំរូល្អនៅក្នុងសង្គម។

ថ្លែងនៅក្នុងពិធីសំណេះសំណាលមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ របស់មន្ត្រីសាលាខេត្តទាំង ក្នុងការជួយជ្រោងឲ្យរដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធផលថ្មីជាច្រើន ហើយលទ្ធផលការងារដ៏ល្អប្រសើរនេះ អាស្រ័យដោយមន្ត្រីទាំងអស់ ចេះរួមសាមគ្គី និងចេះគោរពភារកិច្ច តួនាទី និងការងាររបស់ខ្លួនបានល្អ ធ្វើឲ្យពលរដ្ឋពេញចិត្ត និងកោតសរសើរចំពោះតម្លៃនៃការងារ និងសេចក្តីថ្លៃថ្នូរបស់មន្ត្រីសាលាខេត្តកំពត ហើយមិនដែលលេចលឺពាក្យបណ្តឹងណាមួយនោះទេ។
យ៉ាងណាក៏ដោយ នៅក្នុងឱកាសសំណេះសំណាលដ៏កក់ក្តៅនោះ ឯកឧត្តម អភិបាលខេត្តបានណែនាំដល់មន្ត្រីទាំងអស់ខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ពិសេសត្រូវចេះអភិវឌ្ឍខ្លួនឲ្យមាន ទាំងចរិយាសម្បត្តិ និងវិជ្ជាសម្បត្តិ ដោយផ្តើមចេញពីការសិក្សាស្វែងយល់ពីខ្លួនឯង (ចំណេះ ជំនាញ ឥរិយាបថរបស់ខ្លួន ) ស្គាល់ពីអ្នកដទៃ(សង្គម និងអ្នកជុំវិញខ្លួន) ដើម្បីបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គមការងារ និងសង្គមទូទៅ ដើម្បីឲ្យក្លាយជាមេដឹងល្អ និងជាបុគ្គលគំរូម្នាក់នៅក្នុងសង្គមគ្រួសារ ការងារ និងសង្គមជាតិ។

ឯកឧត្តមបានបន្តដែរថា ទទ្ទឹមនឹងមានចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងទំនាក់ទំនង់ល្អហើយនោះ មន្ត្រីទាំងអស់ត្រូវមានគំនិតចេះចែករំលែកនៅក្នុងសង្គម (ចែករំលែកចំណេះដឹង បទពិសោធ ការងារ សេចក្តីសុខ សេចក្តីថ្លៃថ្នូរជាដើម..) ព្រោះសង្គមមួយចែកចេញជាពីរគ្រួសារ គឺគ្រួសារតូច(គ្រួសារយើងម្នាក់) និងគ្រួសារធំ(សហគមន៍ ភូមិឃុំ ស្រុក ខេត្ត និងប្រទេស) បានន័យថា បើគ្រួសារតូចនីមួយៗពោពេញដោយមនុស្សកតញ្ញូ មានសីលធម៌ គុណធម៌ ព្រហ្មវិហារធម៌ នោះគ្រួសារធំ ឬសង្គមយើងក៏ល្អទៅតាមនោះដែរ។

ម្យ៉ាងទៀតឯកឧត្តម អភិបាលខេត្តក៏បានណែនាំដល់មន្ត្រីទាំងអស់ ត្រូវធ្វើជាមនុស្សកតញ្ញូ ចេះស្គាល់បាប បុណ្យ គុណទោស ចេះស្គាល់គុណ ដឹងគុណ និងសងគុណបុព្វការីជន ថ្នាក់ដឹកនាំខ្លួន និងអ្នកដែលធ្លាប់ជួយយកអាសាយើង ពិសេសពេលរដូវបុណ្យទានធំៗម្តងៗ ត្រូវគិតគូរ និងនាំយករបស់កំដរដៃ ទៅជូនលោក ដែលនេះគឺជាគំរូ និងជាទំនៀមទម្លាប់ ប្រពៃណីដ៏ល្អ បន្តមកពីដូនតា សូមមន្ត្រីទាំងអស់នាំគ្នាជួយថែរក្សាឲ្យបាន។
ចុងបញ្ចប់នៃពីធីសំណេះសំណាលនាពេលនោះ ឯកឧត្តមបានផ្តាំផ្ញើការសួរសុខទុក្ខដល់លោកឪពុកអ្នកម្តាយ លោកតាលោកយាយរបស់មន្ត្រីទាំងអស់ និងបានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនដល់មន្ត្រីសាលាខេត្ត ប្រធាន និងសមាជិក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ៕ដោយ៖ ប្រាក់ លាង





