ឯកឧត្ដម ឃួង ស្រេង៖ ការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមនៅតែជាមិត្ដដ៏ល្អយូអង្វែង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥--
ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងសហការី បានអញ្ជើញមកជូនពរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសដែលកម្ពុជាកំពុងត្រៀមខ្លួនទទួលអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ឯកឧត្តម ឃួង ស្រេង បានអបអរសាទរចំពោះឯកឧត្តម ង្វៀន មិញវូ ដែលត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម តែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា កាលពីថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ដែលបង្ហាញពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ការពូនជ្រុំសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំង២លើគ្រប់វិស័យតាមរយៈការជួយគ្នាទៅវិញទៅមក ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសទាំង២ ឆ្នាំ២០៣០ និង២០៥០ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា លើកឡើងថា ខ្ញុំបានមើលឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញដល់សុខុមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍ ដោយឯកឧត្តមបានបញ្ជាក់ទៀតថា ខ្ញុំសង្ឃឹមថារាជធានីភ្នំពេញនឹងក្លាយជាទីក្រុងដ៏ស៊ីវីល័យមួយយ៉ាងពិតប្រាកដនៅអាស៊ីអាគ្នេយ៍៕

ដោយ សួស សំរិត





