ធនាគារអភិវឌ្ឍន៍អាស៊ីគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយ អាចប៉ះពាល់ទស្សនវិស័យមួយនេះ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥--
កម្ពុជាត្រូវបានរំពឹងថានឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និង២០២៦ ជំរុញដោយតម្រូវការក្រៅស្រុកលើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍។ ប៉ុន្តែទស្សនវិស័យនេះអាចប្រឈមហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។ នេះបើតាមការលើកឡើងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោកស្រី Jyotsana Varma ក្នុងពិធីផ្សព្វផ្សាយជំពូកស្តីពីកម្ពុជានៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៥ ដែលជាការរំលេចអំពីបរិបទពិភពលោក និងតំបន់ ជាមួយនឹងបច្ចុប្បន្នភាពទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ បានថ្លែងថា ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ និង២០២៦ ឆ្លុះបញ្ចាំងពីសក្តានុពលនៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស។ ទោះបីជាភាពមិនប្រាកដប្រជាជាសកលនៅតែបន្តក៏ដោយ ការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សនឹងមានសារៈសំខាន់សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតនូវកម្លាំងជំរុញថ្មីសម្រាប់កំណើនប្រកបដោយនិរន្តរភាព។

តាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៥ បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ៦,១ភាគរយ ក្នុងឆ្នាំ២០២៥ និង ៦,២ភាគរយ ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបានកើនឡើង៦,០ភាគរយ ក្នុងឆ្នាំ២០២៤។ ប៉ុន្តែទស្សនវិស័យនេះអាចប្រឈមហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។
លោកស្រី Jyotsana Varma បានបន្តថា ផលិតផលឧស្សាហកម្មកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៩,៣ភាគរយ ក្នុងឆ្នាំ២០២៥ និង២០២៦ នាំមុខដោយដំណើរការដ៏រឹងមាំនៃវិស័យកម្មន្តសាលវាយនភ័ណ្ឌ និងវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ។ កំណើនក្នុងវិស័យសេវាកម្មត្រូវបានរំពឹងថានឹងបន្តក្នុងអត្រា៤,៤ភាគរយ បើទោះបីជាសកម្មភាពនៃវិស័យអចលនទ្រព្យនៅទន់ខ្សោយក៏ដោយចុះ។ ប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានព្យាករថានឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តកើនឡើង។

ធនាគារអភិវឌ្ឍន៍អាស៊ីបានគូសបញ្ជាក់ថា កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់របស់ខ្លួននៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថលរបស់អង្គការសហប្រជាជាតិពីលេខ១៥៥ ក្នុងឆ្នាំ២០១២ មកលេខ១២០ ក្នុងឆ្នាំ២០២៤ ប៉ុន្តែក៏នៅមានចន្លោះប្រហោង ជាពិសេសការផ្តល់សេវាកម្មសាធារណៈអនឡាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជា អត្តសញ្ញាណឌីជីថលជាក់លាក់ដែលទទួលស្គាល់ទូទៅ បណ្តាញអ៊ីនធឺណិតល្បឿនលឿន មជ្ឈមណ្ឌលទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិត និងមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល ហើយថា ការវិនិយោគបន្ថែមលើមូលធនមនុស្សនឹងរក្សានិរន្តរភាពកំណើន តាមរយៈការបង្កើនផលិតភាពសេដ្ឋកិច្ច៕
ដោយ៖ ចាន់ សុភឿន





