App NoDrug របស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាប្រទេសជាសមាជិកអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ -- លោកឧត្តមសេនីយ៍ទោ កៅ ប៊ូ តំណាងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគូសបញ្ជាក់ថា App NoDrug របស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាប្រទេសជាសមាជិកអាស៊ាន។ ការគូសបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោបែបនេះ ក្នុងនាមលោកតំណាងកម្ពុជាដែលបានដឹកនាំប្រតិភូចំនួន ២ រូបទៀត នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១៨ នៃ បណ្តាញត្រួតពិនិត្យគ្រឿងញៀនអាស៊ាន (18th ASEAN Drug Monitoring Network Meeting)នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ាន និងលេខាធិការដ្ឋានអាស៊ានសរុបចំនួន៤៥រូប ក្នុងនោះកម្ពុជាមាន៣រូប នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ។

ក្នុងនាមមន្រ្តីជំនាញពីកម្ពុជា លោកឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី បានប្រាប់ពីគោលបំណងសំខាន់នៃកិច្ចប្រជុំនោះថា គឺដើម្បីធ្វើបច្ចុប្បន្នភាពពីស្ថានភាពគ្រឿងញៀន និងបច្ចុប្បន្នភាពទិន្នន័យព័ត៌មានគ្រឿងញៀននៅក្នុងតំបន់តាមរយៈការបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យរួមរបស់ ADMN និងពិនិត្យឡើងវិញលើសេចក្តីព្រាងរបាយការណ៍ឆ្នាំ២០២៤ របស់កម្ពុជា ដើម្បីដាក់ឆ្លងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានស្តីពីគ្រឿងញៀន ASOD លើកទី៤៦ នាពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី បានគូសបញ្ជាក់ទៀតថា កម្ពុជាក៏បានចែករំលែកពីលទ្ធផលលេចធ្លោរបស់កម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលមួយឆ្នាំនេះ និងបានលើកយកមកបង្ហាញនូវអត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោបានបន្ថែមថា តំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃបណ្ដាប្រទេស អាស៊ានដែលចូលរួមកិច្ចប្រជុំនោះមានការចាប់អារម្មណ៍ខ្លាំងពីApp NoDrug របស់កម្ពុជា ដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នករាយការណ៍ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដោយគ្មានអត្តសញ្ញាណ ខុសប្លែកពីបណ្ដាប្រទេសនានាដែលមានតែប្រព័ន្ធទូរសព្ទហត់ឡាញប៉ុណ្ណោះ https://nodrugsnacd.com/ download_kh។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី១៨ នៃបណ្តាញត្រួតពិនិត្យគ្រឿងញៀនអាស៊ាន (18th ASEAN Drug Monitoring Network Meeting) នៅទីក្រុងម៉ាលីនឡា ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៨-១០ ខែមសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ាន និងលេខាធិការដ្ឋានអាស៊ានសរុបចំនួន ៤៥ រូប៕
ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





