សម្តេចធិបតី ហ៊ុន ម៉ាណែត៖គោលនយោបាយលើកទឹកចិត្តដល់វិនិយោគិន វិនិយោគក្នុងខេត្តទាំង៤ នៃភូមិភាគឦសាន ផ្តល់ជូនពិសេសលើវិនិយោគិនក្នុងស្រុក
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ – សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការលើកលែង និងការអនុគ្រោះទាំងអស់ នៃគោលនយោបាយ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» មិនសំដៅតែវិនិយោគិនបរទេសនោះទេ តែផ្ទុយមកវិញ ការដាក់ចេញនូវទុន និងថវិកាសម្រាប់ផ្តល់កម្ចី នៅក្នុងអត្រាទាបនោះ គឺសម្រាប់ផ្តោតខ្លាំងទៅលើវិនិយោគិនក្នុងស្រុកតែម្តង ។

ការបញ្ជាក់របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នាព្រឹកថ្ងៃទី០៩ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។

ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការលើកលែង និងការអនុគ្រោះទាំងអស់ មិនមែនសំដៅទៅលើតែវិនិយោគិនក្រៅប្រទេសនោះទេ វិនិយោគិនពីក្នុងប្រទេស ក៏លើកឱ្យដូចគ្នា ហើយក៏មិនសំដៅ តែពីការវិនិយោគពីក្រៅខេត្តនោះដែរ ប្រសិនបើវិនិយោគិនក្នុងខេត្តចង់វិនិយោគធ្វើអ្វីមួយ ទាំងវិស័យទេសចរណ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម កាន់តែត្រូវបានលើកទឹកចិត្តថែមទៀត ។

សម្តេចធិបតី មានប្រសាសន៍ថា «បើអ្នកមណ្ឌលគីរី ត្រូវការបើក Resort ត្រូវការបើករោងចក្រ ត្រូវការបើកកន្លែងកសិកម្ម សូមធ្វើយើងជួយ ចឹងគោលការណ៍មួយនេះ ពិតណាស់ យើងថាវិនិយោគិន អាចបងប្អូនខ្លះយល់ច្រឡំថា ទាល់តែវិនិយោគិនបរទេស មកពីក្រៅប្រទេស អត់ទេ គឺវិនិយោគិនទាំងអស់ ហើយសំខាន់បំផុត ដែលយើងដាក់ចេញនូវទុន ការឧបត្ថម្ភគោលនយោបាយ មួយចំនួន ដែលត្រៀមថវិកាមួយចំនួន សម្រាប់ផ្តល់ឱ្យកម្ចី នៅក្នុងអត្រាទាបនោះ គឺសម្រាប់ផ្តោតខ្លាំងទៅលើវិនិយោគិនក្នុងស្រុកនេះឯង ក្រុមហ៊ុនតូច ក្រុមហ៊ុនកម្រិតមធ្យម SME ដែលយើងចង់បាន»។
បន្ថែមលើនេះ សម្តេចធិបតី បានឱ្យគិតគូចំពោះការវិនិយោគអ្វីក៏ដោយ ទាំងកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ គឺមិនត្រូវបានហាមឃាត់នោះទេ តែសុំឱ្យគណៈកម្មាធិកា និងគណៈអភិបាលខេត្ត ធ្វើការគិតគូរពីការកំណត់តំបន់ឱ្យស្រួលបួល ពោលដើម្បីអាចថែរក្សា ឬកំណត់ជាតំបន់ឧស្សាហកម្មផ្សេង កន្លែងទេសចរណ៍ធម្មជាតិផ្សេង ហើយរុញតំបន់ឧស្សាហកម្មទៅមួយកន្លែង បានន័យថា គិតពីការអភិវឌ្ឍដោយចីរភាព៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





