ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះទៅពិនិត្យផ្ទាល់ពីស្ថានភាព និងសក្ដានុពល ក្នុងមូលដ្ឋានភូមិកញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងលោក អឿន រតនា ប្រធានអង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ) លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញទៅពិនិត្យស្ថានភាព និងសក្ដានុពល ស្ថិតក្នុងភូមិកញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ភូមិកញ្ជ្រៀបមានប្រជាពលរដ្ឋរស់នៅចំនួន ៣០៧គ្រួសារ ស្មើនឹង ១ ១៨៣នាក់ ស្រី ៦០២នាក់ មានផ្ទៃដីបង្កបង្កើនផល ១ ៤០០ហិកតា និងមានសក្ដានុពល លើកការបង្កបង្កើនផលស្រូវប្រាំង និងស្រូវវស្សា ចិញ្ចឹមសត្វ ដាំបន្លែវិលជុំ ព្រមទាំងមានសហគមន៍សន្សំប្រាក់ផងដែរ។ ជាមួយគ្នានោះ ភូមិកញ្ជ្រៀបក៏មានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងសហគមន៍កសិកម្មគោកមនមានជ័យ ដែលមានសក្ដានុពលខាងវិស័យទេសចរណ៍បែបធម្មជាតិគឺអាងអូរអង្គ្រងផងដែរ។

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ក៏បាននាំយកនូវប្រសាសន៍សួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍតំបន់ជនបទឱ្យមានការរីកចម្រើន ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ ក្នុងការជួយអភិវឌ្ឍនៅតំបន់ជនបទ ជាពិសេសការលើកកម្រិតផ្លូវពីផ្លូវក្រាលល្បាយដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវក្រាលបេតុង ដែលមានភាពធន់និងអាកាសធាតុ, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងបង្គន់អនាម័យ, ការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ, ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិតដើម្បីឱ្យប្រជាពលរដ្ឋមានមុខរបរ និងរកប្រាក់ចំណូលបន្ថែម ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនបទឱ្យមានភាពស៊ីវិល័យ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យចម្ការបន្លែរបស់សហគមន៍ រួមមានបន្លែននោង ប៉េងប៉ោះ និងដំណាំពោតផងដែរ និងបានណែនាំដល់ថ្នាក់ដឹកនាំ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ សិក្សាបន្ថែមពីត្រូវការរបស់សហគមន៍ តាមវិស័យ ដើម្បីបំពេញបន្ថែម តាមរយៈកម្មវិធីត្រីវិស័យ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





