ប្រជាពលរដ្ឋប្រមាណជិត ៦០០គ្រួសារ ក្នុងខេត្តព្រះវិហារ ទទួលបានសម្ភារសុខភាពអនាម័យ ពីគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពគ្រួសារងាយរងគ្រោះ ក្រោយវិបត្តិកូវីដ-១៩
AKP ព្រះវិហារ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥
គ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ៥៩៨គ្រួសារ បានទទួលសម្ភារសុខភាពអនាម័យ ក្រោមគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះ ក្រោយវិបត្តិកូវីដ-១៩ (ACRP) តាមរយៈក្រសួងផែនការ។ក្នុងពិធីប្រគល់សម្ភារសុខភាពអនាម័យ ជូនគ្រួសារក្រីក្រចំនួន ៥៩៨គ្រួសារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំមន្ទីរជំនាញ តំណាងអង្គការដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជា និងកម្មវិធី UNDP ដែលបានផ្តួចផ្តើមគម្រោង ACRP នេះឡើង ដើម្បីឆ្លើយតបយ៉ាងសមស្របទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការប្តេជ្ញាចិត្តដ៏យូរអង្វែងចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានរម្លឹកផងដែរ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិនៃជំងឺកូវីដ-១៩ កាលពីពេលកន្លងមក មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារដែលងាយរងគ្រោះបំផុត ដែលបណ្តាលឱ្យមានការបាត់បង់ការងារ ចំណូល និងការលំបាកជាច្រើនផ្សេងទៀត។ ឯកឧត្ដមអភិបាលខេត្ដបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ រួមមានការផ្តល់ជំនួយសង្គម ការគាំទ្រអាជីវកម្ម ការជំរុញការចាក់វ៉ាក់សាំង និងការផ្តោតសំខាន់លើការស្តារជីវភាពរស់នៅឡើងវិញ តាមរយៈគម្រោងដូចជា ACRP នេះជាដើម។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រួសារដែលទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមជាប្រចាំ និងពីគម្រោងខាងលើបន្ថែមទៀត នឹងអាចចាប់យកឱកាសនេះ ដើម្បីពង្រឹង និងអភិវឌ្ឍន៍ជីវភាពខ្លួនឯងឱ្យរួចផុតពីភាពក្រីក្រ តាមរយៈការប្រើប្រាស់ធនធានដែលទទួលបានពីគម្រោងទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្ដព្រះវិហារក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការថែរក្សាសុខភាព និងអនាម័យ ជាពិសេសការលាងដៃឱ្យបានញឹកញាប់ ដើម្បីបង្ការនូវជំងឺផ្សេងៗ ហើយបានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ជាពិសេសក្នុងឱកាសខិតជិតចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមានការធ្វើដំណើរច្រើន។

ជាមួយគ្នានេះ ឯកឧត្តម គីម រិទ្ធី ក៏បានគូសបញ្ជាក់ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សា និងលើកកម្ពស់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដូចជាការលេងល្បែងប្រជាប្រិយ ការរាំរែក និងការជួបជុំក្រុមគ្រួសារ ដើម្បីពូនជ្រុំសាមគ្គីភាព និងភាពកក់ក្តៅក្នុងសង្គម។

សូមជម្រាបជូនផងដែរថា គម្រោង ACRP នេះ ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ហើយពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារសុខភាពអនាម័យនាពេលនេះ គឺដើម្បីបន្តរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពជីវិត និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ បានប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីកំណត់គ្រួសារគោលដៅ ដែលមានបណ្ណសមធម៌មានសុពលភាពចំនួន ៥ ៥០០ គ្រួសារ នៅក្នុងខេត្តគោលដៅចំនួន ៥ រួមមាន ខេត្តព្រះវិហារ កំពង់ឆ្នាំង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕

ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





