ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ថវិកាធានារ៉ាប់រងសង្គមជូនក្រុមគ្រួសារសពអតីតយុទ្ធជន និងអំណោយសម្ដេចធិបតី និងលោកជំទាវ ជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត
AKP កំពង់ធំ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែមេសាឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកាធានារ៉ាប់រងសង្គមចំនួនជាង៨០លានរៀលជូនគ្រួសារសពអតីតយុទ្ធជនចំនួន៥គ្រួសារ និងបានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន២៥គ្រួសារ ដែលបានអញ្ជើញមកពីស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោក ជួន សិលាវិត ប្រធានមូលនិធិជំនួយសង្គមនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការផ្ដល់ប្រាក់ធានាអារ៉ាប់រងសង្គមសម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជនដែលបានទទួលមរណភាពនាពេលកន្លងទៅ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តប្រកបរបរចិញ្ចឹមជីវិត និងបានគូសបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលក្រុមគ្រួសារសពអតីតយុទ្ធជនត្រូវបានទទួលមានការខុសៗគ្នា ទៅតាមឋានន្តរសក្កិ អតីតភាពការងារ និងប្រភេទមុខសញ្ញារបស់អតីតយុទ្ធជននីមួយៗ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យចំពោះអតីតយុទ្ធជនរបស់យើងដែលបានទទួលមរណភាពនាពេលកន្លងទៅ និងបានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយនិងបានបញ្ជាក់ជូនអំពីការយកចិត្តទុកដាក់គិតគូរគ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះអតីតយុទ្ធជនរបស់យើងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន។ក្នុងរយៈពេលជាង ៣ខែកន្លងទៅក្រុមគ្រួសារសពអតីតយុទ្ធជនបានទទួលថវិកាបេឡាមរណសង្គ្រោះសម្រាប់ធ្វើបុណ្យសពរួចមកហើយ និងនៅថ្ងែនេះបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនត្រូវបានទទួលកញ្ចប់ថវិកាធានារ៉ាប់រងសង្គមសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណេះសំណាលសាកសួរសុខទុក្ខចំពោះបងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន២៥គ្រួសារផ្សេងទៀត ដែលចូលរួមក្នុងពិធីនេះដោយបានឧបត្ថម្ភអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីក្នុង០១គ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រីខកំប៉ុងចំនួន១យូរ និងទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យួរដើម្បីសម្រាលនូវការលំបាកក្នុងជីវភាពប្រចាំថ្ងៃនិងសម្រាប់ចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ។
ក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន៥គ្រួសារ និងអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន២៥គ្រួសារបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវដែលតែងតែបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាពេលពេលកន្លងទៅក៏ដូចជាបច្ចុប្បន្ននេះ និងបានសូមគោរពជូនពរសម្ដេច លោកជំទាវឯកឧត្តម អស់លោក លោកស្រីទាំងអស់សូមបានជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





