ពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលរួមពិធីនាពេលនេះ សំដៅពិនិត្យស្វែងយល់ស៊ីជម្រៅស្គាល់ពីចំនុចខ្លាំង និងចំនុចខ្សោយនៃវិស័យកសិកម្មកម្ពុជា និងដាក់ផែនការរួម ផ្សាភ្ជាប់ផ្នែកកសិ-ឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងគោលដៅអភិវឌ្ឍផ្នែកសេដ្ឋកិច្ច បង្កើនការវិនិយោគ ទាក់ទាញវិនិយោគិនទាំងនៅថ្នាក់តំបន់ និងសកលលោក។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងអំពីគោលនយោបាយវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង ការទទួលបានប្រាក់ចំណេញសម្រាប់កសិករ ការលើកកម្ពស់ជីវភាព និងមាននិរន្តរភាពសម្រាប់ធនធានកម្ពុជា ស្របតាមទស្សនទាន «មានហូប មានបាន មានប្រើ និងមានរហូត» ព្រមទាំងបានរំពឹងខ្ពស់ពីការចូលរួមជាជវភាពនៃប្រព័ន្ធតួអង្គតែមួយ នឹងរួមចំណែកជំរុញសេដ្ឋកិច្ចកសិកម្មឱ្យរីកចម្រើន អភិវឌ្ឍគ្រប់អនុវិស័យ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់អង្គការ (FAO) ដែលបានសហការជាដៃគូយ៉ាងស្អិតរមួត និងដៃគូអភិវឌ្ឍន៍នានា អង្គការពាក់ព័ន្ធទាំងអស់ និងរាជរដ្ឋាភិបាលប្រទេសជាមិត្ត ដែលបានរៀបចំពិធីនេះឡើងឱ្យចេញជារូបរាង និងត្រៀមកម្មវិធីធំនៅពេលខាងមុខ សំដៅបង្កើនការវិនិយោគ អភិវឌ្ឍន៍ធុរកិច្ចកសិកម្ម៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងកសិកម្ម)





