អភិបាលខេត្តបន្ទាយមានជ័យជួបសំណេះសំណាលជាមួយបេក្ខជនចូលបម្រើកងទ័ពជើងគោក
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយបេក្ខជនដែលបានដាក់ពាក្យចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌកងទ័ពជើងគោក សរុបចំនួន៥១៣នាក់ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត។

ក្នុងពិធីជួបសំណេះសំណាល ឯកឧត្តម អ៊ុំ រាត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់បេក្ខជនទាំងអស់ ដែលបានសម្រេចចិត្តជ្រើសរើសយកអាជីពជាកងទ័ព ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជន។ ឯកឧត្តមបានលើកឡើងថា កងយោធពលខេមរភូមិន្ទគឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិភាព និងសន្តិសុខសង្គម។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ឱ្យបន្តពង្រឹងស្មារតី សាមគ្គីភាព គោរពវិន័យកងទ័ព និងខិតខំសិក្សារៀនសូត្រនូវជំនាញយោធាឱ្យបានច្បាស់លាស់ ដើម្បីក្លាយជាកងទ័ពដ៏រឹងមាំ និងមានសមត្ថភាពពេញលេញ ក្នុងការបំពេញភារកិច្ចដែលរដ្ឋ និងប្រជាជនប្រគល់ឱ្យ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ុំ រាត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកសំណេះសំណាល និងផ្តល់នូវការលើកទឹកចិត្តដល់បេក្ខជននាពេលនេះ។ លោកឧត្តមសេនីយ៍ត្រីបានសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លាថែមទៀត។
បេក្ខជនទាំងអស់បានបង្ហាញនូវក្តីរំភើបរីករាយ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបំពេញភារកិច្ចជាកងយោធពលខេមរភូមិន្ទឱ្យបានល្អប្រសើរ តាមការណែនាំរបស់ថ្នាក់ដឹកនាំ និងដើម្បីជាកម្លាំងដ៏សំខាន់ក្នុងការការពារជាតិ និងប្រជាជនកម្ពុជា។
ការអញ្ជើញចុះជួបសំណេះសំណាលនេះ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ចំពោះការជ្រើសរើស និងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងដ៏សំខាន់ក្នុងការរក្សាសន្តិសុខ និងស្ថិរភាពរបស់ប្រទេសជាតិ៕
ដោយ ឈុន សារ៉ាត





