កងពលតូចថ្មើរជើងលេខ៤២ ចេញល្បាត សហការត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ក្នុងខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- កងពលតូចថ្មើរជើងលេខ៤២ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ បានចាត់តាំងកម្លាំងចេញល្បាតសហការត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ របស់ខ្លួនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យជាប្រចាំ។

ការចេញល្បាតនេះក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្ត វរសេនាតូចនគរបាលការពារព្រំដែនគោក៧០២ កម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ។

លោក ឧត្ដមសេនីយ៍ត្រី នាក់ វង្ស ក៏បានផ្ដាំផ្ញើដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជំងឺផ្សេងៗ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





