ចូលរួមគ្នាពិនិត្យ វិភាគ និងដាក់វិធានការដោះស្រាយលើគុណភាពទឹកនៃបឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥-- អាជ្ញាធរទន្លេសាប ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ជាមួយនឹងការអនុវត្តតាមអនុសាសន៍ណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ដោយធ្វើការវិភាគសំណាកទឹក និងពិនិត្យសកម្មភាពបង្កផលប៉ះពាល់មកលើគុណភាពទឹក តាមបណ្តាចំនុចគោលដៅសំខាន់ៗនៅក្នុងបឹងទន្លេសាប។ នេះបើតាមការឱ្យដឹងពីក្រសួងធនធានទឹក នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ។

ការពិនិត្យសកម្មភាពបង្កផលប៉ះពាល់មកលើគុណភាពទឹក ធ្វើនៅតំបន់ពាក់ព័ន្ធតាមរយៈកម្រិតនៃការសាយភាយការបំពុលបណ្តាលមកពីសកម្មភាពនៃការប្រើប្រាស់ ការគ្រប់គ្រង ការចូលរួមដោះស្រាយ និងការយល់ដឹងនៅមានកម្រិត គួរឱ្យព្រួយបារម្ភ ទាំងការរស់នៅលើផ្ទៃទឹកបឹង (ប្រជុំជនភូមិបណ្តែតទឹក) តំបន់កសិកម្មនៅជាប់ជុំវិញបឹងទន្លេសាប និងផលប៉ះពាល់ពីបណ្តាស្ទឹងសំខាន់ៗទាំង១១ និងតំបន់មេគង្គប៉ែកខាងលើ រួមមាន តំបន់ភាពគ្មានអនាម័យ (បន្ទោបង់ បោកគក់ លាងសម្អាត វេចខ្ចប់...) ការចោល ការបង្ហូរកាកសំណល់រឹងរាវ ដូចជាប្រេងទូកម៉ាស៊ីន ស្ថានីយប្រេង ចំណីត្រី ប៊ែរចិញ្ចឹមត្រី អាជីវកម្មលក់ដូរ សំណល់ពីលំនៅឋាន និងទីប្រជុំជន។ល។ ការប្រើប្រាស់ បង្ហូរជីគីមី ថ្នាំសម្លាប់សត្វល្អិតដំណាំកសិកម្មគ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ ការបង្ហូរទឹកកខ្វក់ពីរោងចក្រសិប្បកម្មគ្មានការចម្រោះ ការធ្វើអាជីវកម្មរ៉ែ ការកាប់ទន្ទ្រានព្រៃលិចទឹក ការចាក់លុបបឹងបួរ រួមនឹងការទន្ទ្រានយកដីក្នុងតំបន់ដីសើម។ល។

សូមបញ្ជាក់ថា ការទទួលរងផលប៉ះពាល់ជាអវិជ្ជមានមកលើគុណភាពទឹកបឹងទន្លេសាប តែងតែកើតឡើងធ្ងន់ធ្ងរនៅរដូវប្រាំង ជាពិសេសតាមបណ្តាតំបន់ប្រជុំជនភូមិបណ្តែតទឹក និងតំបន់មានការប្រើប្រាស់ជីគីមី-ថ្នាំសម្លាប់សត្វល្អិតគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ លំនៅឋានប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងទន្លេសាប ត្រូវបានបែងចែកចេញជាបីប្រភេទ រួមមាន៖ ទី១. លំនៅឋាននៅលើគោកអចិន្រ្តៃយ៍ ទី២. លំនៅឋាន៦ខែគោក ៦ខែទឹក និងទី៣. លំនៅឋានលើទឹកជាអចិន្ត្រៃយ៍ ហៅថាភូមិបណ្តែតទឹក ដែលបច្ចុប្បន្នតាមការគណនាមានប្រជាពលរដ្ឋប្រមាណជា ២៦ ៧០៧ គ្រួសារ ស្មើនឹង ១១៦ ៩៩៣នាក់ ជាលំនៅដ្ឋានភូមិបណ្តែតទឹកក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។

ម្យ៉ាងទៀត ផ្ទៃដីស្ថិតក្រោមផ្លូវជាតិលេខ៦ និងលេខ៥ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប ត្រូវបានកំណត់បែងចែកជា បី តំបន់ រួមមាន នៅតំបន់១ ជាតំបន់ភូមិករប្រជាជនរស់នៅរួមជាមួយដីកសិកម្មដែលទទួលបានកម្មសិទ្ធិស្របច្បាប់ នៅចន្លោះផ្លូវជាតិ (លេខ៥, លេខ៦) និងតំបន់២ នៅតំបន់២ ជាតំបន់អាស្រ័យផល និងជាតំបន់ទ្រនាប់ ដែលប្រជាពលរដ្ឋអាចទទួលបានត្រឹមសិទ្ធអាស្រ័យផល ស្ថិតនៅចន្លោះតំបន់១ និងតំបន់៣ ដែលផ្ទៃដីតំបន់២ នេះ ជាង៨០ភាគរយជាដីកសិកម្ម ដែលប្រជាពលរដ្ឋធ្វើស្រែ និងចម្ការ និងនៅតំបន់៣ ជាតំបន់ព្រៃលិចទឹក និងលិចទឹកនៅរដូវវស្សា ក្លាយជាជម្រកពងកូន និងជាតំបន់រក្សាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ដែលត្រូវការពារដាច់ខាត៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





