សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំទៅឱ្យក្រុមប្រឆាំងថា គួរទុកការប្រឆាំងមួយអន្លើ ហើយរួមគ្នាដោះស្រាយ ក្នុងគ្រាពលរដ្ឋជួបការលំបាកជាសកល
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ – សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដាំឱ្យក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក គួររៀនសូត្រ តាមបណ្តាបក្សប្រឆាំងនៅបរទេសផ្សេងទៀត នៅពេលពលរដ្ឋរបស់គេ ជួបទុក្ខលំបាកជាសកល ទាំងបក្សប្រឆាំង និងបក្សកាន់អំណាច ស្រុះគ្នាមិនវាយប្រហារគ្នានោះទេ ដើម្បីទុកពេលដោះស្រាយបញ្ហាចំពោះមុខ តួយ៉ាងដូចការតំឡើងពន្ធជាសកល របស់សហរដ្ឋអាមេរិក ក្រុមប្រឆាំង គួរតែទុកការប្រឆាំងរបស់ខ្លួន ហើយងាកមករួមគ្នាជាទិសដៅតែមួយ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ក្រុមប្រឆាំងនៅបណ្តាប្រទេសដទៃ ពេលដែលមានទុក្ខជាសកល ពាក់ព័ន្ធនឹងផលប្រយោជន៍ប្រជាពលរដ្ឋ គេរួមគ្នាជួយគ្នាដោះស្រាយ ផ្ទុយទៅវិញក្រុមប្រឆាំងក្រៅស្រុករបស់កម្ពុជាខុសគេ មិនជួយហើយ បែរជាថែមការបំភិតបំភ័យ បន្លាចប្រជាពលរដ្ឋបន្ថែម ហើយសម្ងំសើចចំអក និងជេររដ្ឋាភិបាលទៅវិញ ។ សម្តេចធិបតីបញ្ជាក់ទៀតថា ប្រឆាំងយ៉ាងណាក៏ដោយ នៅពេលដែលប្រទេសជាតិ រងហានិភ័យ ប្រជាជនមានការលំបាក គួរទុកចោលការប្រឆាំងនេះ ដើម្បីរួមគ្នាទិសដៅតែមួយ ។ តួយ៉ាងប្រទេសផ្សេងដែលគេជាប់ពន្ធ ដូចជានៅកាណាដា ពេលដែលជាប់ពន្ធអាម៉េរិក ទាំងបក្សប្រឆាំង ទាំងបក្សកាន់អំណាច គឺស្រុះគ្នា មិនមាននរណាវៃគ្នាទេ គឺគេឆ្លើយតប ដើម្បីអំពាវនាវដូចគ្នា ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «តែខុសអីបក្សប្រឆាំងខ្មែរ មិនមែនបក្សប្រឆាំងនៅក្នុងទេ តែអ្នកប្រឆាំងនៅខាងក្រៅ ស្អីក៏ដោយ ពេលដែលលំបាក អត់ព្រមជួយគ្នានេះទេ មកវៃតែគ្នាឯង ជេរតែរដ្ឋាភិបាល ។ ទៅមើលនៅថៃ មើលប្រទេសជិតខាង តើបក្សគេវៃ ប្រធានបទផ្សេងៗ គេវៃ តែពេលដែលការដាក់ ដែលវាប៉ះពាល់ផលប្រយោជន៍ ទៅដល់វិស័យ ទៅដល់កម្មករ កម្មការិនី គេរួមគ្នា គេធ្វើការ ដើម្បីចរចា ឬសុំការយោគយល់។ ឥឡូវបងប្អូន សួរថាបក្សប្រឆាំស្រុកខ្មែរ បានធ្វើស្អីខ្លះ? តាំងពីមកដល់ម៉ោងនេះ ក្រៅពីបន្លាចប្រជាជនបន្ថែម ថាតិចទៀត ២លានអស់ហើយ ការងាររដ្ឋាភិបាលនេះ ឃើញទេ គេចេញមក រដ្ឋាភិបាលប្រទេសគេ ប្រជុំបន្ទាន់ នាយករដ្ឋមន្ត្រីឯងស្ងាត់ជ្រាប អត់ស្រឡាញ់ប្រជាជន ឃើញតែប៉ុណ្ណឹង តែសួរថា ធ្វើអ្វីខ្លះ? អត់ទេ គាត់អាចមកការពារខ្លួនថា ដោយសារគាត់មិនកាន់អំណាច ចឹងគាត់ធ្វើអីអត់បានទេ អត់ទេណា កុំយករួចខ្លួនបែបនេះ ត្រង់អ្នកឯងទៅហៅគេ ឱ្យកាត់ EBA អ្នកឯងទៅគោះទ្វារដល់សភាគេ សុំឱ្យកាត់បាន»។
បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានឱ្យជាយោបល់ ទៅកាន់ក្រុមអ្នកប្រឆាំងជ្រុលនិយមទាំងនោះថា បើឆ្លាត ពេលដែលប្រជាជនមានទុក្ខ កុំមកជាន់កបន្ថែម ក៏មិនបាច់មកស្រឡាញ់រាជរដ្ឋាភិបាលនោះដែរ ប៉ុន្តែយ៉ាងហោចណាស់ ក៏បញ្ចេញសារ ឬមួយធ្វើសកម្មភាពអ្វីមួយ ជួយទៅដល់ប្រជាពលរដ្ឋទៅបានហើយ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





