ខេត្តឧត្ដរមានជ័យជាខេត្តទី១៩ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
AKP ឧត្ដរមានជ័យ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តឧត្ដរមានជ័យជាខេត្តទី១៩ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាព្រឹកថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ ដោយពិធីនេះត្រូវបានប្រារព្ធឡើងនៅវេទិកាអុំទូក សួនច្បារបឹងស្នោ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឃិន ញ៉ាណ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ស្អាត និងអនាម័យជនបទទាំង ២៥រាជធានី-ខេត្តតំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្ដរជាតិ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ដ្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ១ ៦៤៩នាក់ ។

ឯកឧត្តម ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តមានជ័យ បានសម្ដែងការស្វាគមន៍ និងធ្វើរបាយការបញ្ជាក់ពីស្ថានភាពអនាម័យថា ប្រជាពលរដ្ឋមាន៥ក្រុង ស្រុក ១៤ឃុំ ៥សង្កាត់ និង៣០៨ភូមិ ប្រជាពលរដ្ឋតាមខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន គិតជាភាគរយស្មើនឹង ៩២% និងខ្នងផ្ទះដែលប្រើបង្គន់រួមគិតជាភាគរយស្មើនឹង៨%។ ដូចនេះស្ថានភាពប្រតិបត្តិអនាម័យរបស់ប្រជាពលរដ្ឋនៅទូទាំង ខេត្តឧត្ដរមានជ័យ សម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល១០០%។

លោក អឿន រតនា ប្រធានអង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ) និងជាតំណាងអង្គការដៃគូអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា បានលើកឡើងពីសាវតា និងសមិទ្ធផលនានាដែលអង្គការស៊ីដូ សម្រេចបានក្នុងការចូលរួមអភិវឌ្ឍខេត្ត និងអបអរសាទរចំពោះខេត្តឧត្ដរមានជ័យទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ព្រមទាំងបានបញ្ជាក់ថា អង្គកាស៊ីដូ នឹងបន្តកិច្ចសហប្រតិបត្តិកាជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសផែនការ(២០២៥-២០២៧) លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ហេដ្ឋារចនាសម្ព័ន្ធ សំណង់សិល្បការ្យ និងការអភិវឌ្ឍភូមិគំរូផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តឧត្ដរមានជ័យសម្រេចបានលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ការផ្លាស់ប្ដូរទម្លាប់ និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព ផ្លាស់ប្ដូរពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយបរិស្ថានល្អ មានភាពស៊ីវិល័យ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តរក្សាលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺ រិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus នាពេលដ៏ខ្លីខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តលើកឡើងទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះអាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអង្គពិធីពីកម្មវិធីអាទិភាពទាំង៥របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងចក្ខុវិស័យច្បាស់លាស់របស់ក្រសួងគឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។
ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





