ឯកឧត្តម ម៉ៅ សុផាន់ ដឹកនាំប្រតិភូចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៅអង្គភាពកងពលធំអន្តរាគមន៍លេខ៣
AKP ព្រះវិហារ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកងពលធំអន្តរាគមន៍លេខ៣។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានមានប្រសាសន៍ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងលោកជំទាវ ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទូទាំងកងពលធំអន្តរាគមន៍លេខ៣ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងភារកិច្ចការពារបូរណភាពទឹកដី។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ បន្តយកចិត្តទុកដាក់ក្នុងកិច្ចការពារបូរណភាពទឹកដី ប្រកបដោយការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ គោរពម៉ឺងម៉ាត់រាល់បទបញ្ជា និងលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ ព្រមទាំងបានក្រើនរំលឹកអំពីការគ្រប់គ្រងថែរក្សាគ្រឿងបំពាក់ ការរក្សាការសម្ងាត់យោធា និងសេចក្តីថ្លៃថ្នូររបស់កងទ័ព។

ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យកងពលធំអន្តរាគមន៍លេខ៣ បន្តរួមសហការឱ្យបានល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រទេសជិតខាង ដោយរាល់បញ្ហាកើតឡើងនៅតាមព្រំដែន គឺមានយន្តការក្នុងការជជែកគ្នាដោះស្រាយតាមរយៈគណៈកម្មាធិការព្រំដែនថ្នាក់ជាតិ និងបាននាំយកនូវអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនកងពលធំអន្តរាគមន៍លេខ៣ និងបណ្តាអង្គភាពចំណុះមានដូចជា គ្រឿងទេស ភេសជ្ជៈ ស្បៀងក្រៀម និងថវិកា មួយចំនួនផងដែរ៕


ដោយ ទិត ស្រ៊





