ឯកឧត្តម ចាន់ យុត្ថា អញ្ជើញប្រគេន និងជូនបច្ច័យដល់គណៈកម្មការរៀបចំសង្ក្រាន្តនៅវត្តឃ្លាំងខ្មូត
AKP កំពង់ធំ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡាយ និងឃុំពពក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញប្រគេន និងជូនបច្ច័យចំនួន៣៦លានរៀលដល់គណៈកម្មការរៀបចំចាត់ចែងក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ក្នុងឱកាសអញ្ជើញមកពិនិត្យទីតាំងរៀបចំសង្ក្រាន្តនៅវត្តឃ្លាំងខ្មូត ព្រមទាំងបានធ្វើគារវកិច្ចចំពោះព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត និងជួបសំណេះសំណាលជាមួយក្រុមការងារការរៀបចំសង្ក្រាន្ត អាជ្ញាធរមូលដ្ឋានឃុំប្រឡាយនិងក្រុមការងារស.ស.យ.កឃុំប្រឡាយ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម ចាន់ យុត្ថា បានសរសើរដល់ការខិតខំរបស់ព្រះគ្រូចៅអធិការ និងគណៈកម្មាធិការវត្តគ្រប់រូបគ្រប់អង្គក្នុងការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ រនិងការដឹកនាំលេងល្បែងប្រជាប្រិយដែលជាអត្តសញ្ញាណជាតិខ្មែរ ដូចជាបោះអង្គុញ ចោលឈូង វាយក្អមជាដើម និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានជាពិសេសយុវជនត្រូវបន្តលេង និងអភិរក្សទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើងឱ្យបានគង់វង្សតរៀងទៅ។

ព្រះបុណ្ណញ្ញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត និងតំណាងគណៈកម្មការរៀបចំសង្ក្រាន្តវត្តឃ្លាំងខ្មូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងសហការី ដែលបានអញ្ជើញមកពិនិត្យទីតាំងរៀបចំសង្ក្រាន្តដោយផ្ទាល់ និងបានចូលរួមឧបត្ថម្ភជាបច្ច័យផងដែរ៕



ដោយ ស៊ុម វណ្ណា





