ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅខេត្តចំនួន៤ ខណៈនៅរាជធានីភ្នំពេញត្រៀមសម្ពោធស្នាក់ការថ្មីមួយទៀត
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ឱ្យសិក្សាបញ្ចូលសេវាធ្វើលិខិតឆ្លងដែន នៅអង្គភាពច្រកចេញចូលតែមួយដែលអាចជាជម្រើសមុនគេ គឺខេត្តបាត់ដំបង កំពង់ចាម ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ខណៈនៅរាជធានីភ្នំពេញត្រៀមសម្ពោធដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណថ្មីមួយទៀតនៅផ្សារទំនើបអ៊ីអនម៉លមានជ័យ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។

លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល បាន និងកំពុងរៀបចំទីតាំងផ្តល់សេវាលិខិតឆ្លងដែនសរុបចំនួន៦ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែនភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ សាខាផ្សារទំនើបអ៊ីនអន២សែនសុខ សាខាខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។
ដោយឡែកចំពោះទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានផ្តល់នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ផ្សារទំនើបអ៊ីអន២ ព្រមទាំងមាននៅតាមប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋអាចទៅស្នើសុំបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់បានផងដែរ។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា នេះជាការខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើឱ្យសម្រេចនូវគោលបំណងដ៏ឧត្តុង្គឧត្តមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលណែនាំឱ្យក្រសួងមហាផ្ទៃរិះរកគ្រប់វិធីសាស្ត្រ និងដាក់ចេញវិធានការថ្មីៗបន្ថែមទៀត ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀក និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានសេវាផ្តល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





