ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានផ្ទៃដីសរុប៨៧ហិកតា។

ការកសាងឡើងនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ដែលកំពុងរៀបចំសម្ពោធនា ពេលនេះ បានប្រព្រឹត្តទៅស្របតាមគោលដៅនៃការពង្រឹងសមត្ថភាពកងទ័ពជើងទឹក ដែលជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សៀវភៅសការពារជាតិ សំដៅធ្វើ ទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់កងទ័ពជើងទឹក បន្តធានាកិច្ចការពារ ប្រកបដោយប្រសិទ្ធភាពនូវ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាជន។
មានការអភិវឌ្ឍ ទាំងវិជ្ជាជីវៈ គ្រឿងបំពាក់ ឧបករណ៍បម្រើបច្ចេកទេស យុទ្ធោបករណ៍ សំដៅឈានទៅធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍យោធាក្នុងតំបន់ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំភាគីមិត្តចិន បន្តគាំទ្រនិងជួយឧបត្ថម្ភដល់កងទ័ពជើងទឹកកម្ពុជា ជាពិសេសការបណ្តុះបណ្តាល និងបំប៉នធនធានមនុស្សលើផ្នែកគ្រឿងបំពាក់ជំនាញ ដែលកំពុងមាននៅ ក្នុងមូលដ្ឋានសមុទ្ររាម និងសុំអ្នកជំនាញបច្ចេកទេសដែលមានបទពិសោធន៍ខ្ពស់មកធ្វើការហ្វឹកហ្វឺន លើការជួសជុល ផលិត និងថែទាំនាវា ឬបញ្ជូនអ្នកឯកទេសកម្ពុជាទៅហ្វឹកហ្វឺន បំប៉នលើការងារជួសជុល ផលិត និង ថែទាំនាវានៅបណ្តារោងចក្រ សហគ្រាសនៅសាធារណរដ្ឋប្រជាមានិតចិន។
កន្លងមក ទោះបីជាមានការចោទប្រកាន់ឥតឈប់ឈរមកលើសិទ្ធិ និងអធិបតេយ្យរបស់កម្ពុជាក៏ដោយ ប៉ុន្តែកម្ពុជានៅតែប្រកាន់យកការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួនហើយ កម្ពុជាមានគោលជំហររឹងមាំក្នុងការគោរពសិទ្ធិ និងផលប្រយោជន៍អ្នកដទៃ និងគ្មានមហិច្ឆតាបង្ក ការគំរាមកំហែងដល់ប្រទេស ឬតំបន់ណាមួយនោះឡើយ។ បន្ទាប់ពីបញ្ចប់ដំណើរការធ្វើទំនើបកម្មមូលដ្ឋាន សមុទ្ររាម កម្ពុជានឹងមានសមត្ថភាពកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រ កម្ពុជា ដើម្បីបង្ការ ការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូលំទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខលំហសមុទ្រ របស់កម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន





