នគរបាលខេត្តបន្ទាយមានជ័យ បង្កើនវិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹង ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី
AKP បន្ទាយមានជ័យ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ -- ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺតមាំ ដើម្បីពង្រឹងការការពារសន្តិសុខនៅទូទាំងខេត្ត ក្នុងគោលបំណងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាក់ស្តែង កាលពីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលជំនាញ និងកងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុកទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់លើការងារការពារសន្តិសុខ ជាពិសេសនៅពេលយប់។

វិធានការសំខាន់ៗដែលត្រូវបានដាក់ចេញនោះរួមមាន ការពង្រឹងការយាមល្បាតឱ្យបានច្រើនជាងមុន និងត្រួតពិនិត្យអាវុធជាតិផ្ទុះគ្រប់ប្រភេទដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមាន។ មិនតែប៉ុណ្ណោះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានជំរុញខ្លាំងទៅលើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំផងដែរ។

ស្របពេលជាមួយគ្នានេះ កងកម្លាំងនគរបាលចរាចរណ៍នឹងធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដើម្បីរកមើលអ្នកដែលមានជាតិស្រវឹង (ជាតិអាល់កុលលើសកម្រិត) ដែលជាមូលហេតុចម្បងមួយនៃគ្រោះថ្នាក់ចរាចរណ៍។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងនគរបាលទាំងអស់ត្រូវតែបង្ក្រាបបទល្មើសគ្រប់ប្រភេទដោយគ្មានការលើកលែង ជាពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខក្នុងសង្គម។ លោកស្នងការបានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យខេត្តបន្ទាយមានជ័យទាំងមូលប្រកបដោយសន្តិសុខល្អ ក្នុងឱកាសដ៏សំខាន់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា "ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងក្នុងការការពារសន្តិសុខ ពង្រឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងទប់ស្កាត់អ្នកបើកបរដែលមានជាតិស្រវឹង។ យើងប្តេជ្ញាថានឹងចាត់វិធានការយ៉ាងម៉ឺតម៉ាត់លើគ្រប់បទល្មើស ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចអបអរសាទរបុណ្យចូលឆ្នាំថ្មីដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព"។
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការ និងផ្តល់ព័ត៌មានមកកាន់សមត្ថកិច្ច ក្នុងករណីដែលជួបប្រទះនូវហេតុការណ៍អាសន្ន អំពើអសន្តិសុខនានា ករណីហិង្សា បទល្មើសជួញដូរថ្នាំញៀន ឬសកម្មភាពអុកឡុករបស់ក្មេងទំនើងតាមមូលដ្ឋាន។ ប្រជាពលរដ្ឋអាចទាក់ទងមកកាន់លេខទូរស័ព្ទប្រចាំបញ្ជា 097 778 0017 ដើម្បីកងកម្លាំងនគរបាលអាចចុះអន្តរាគមន៍ បង្ការ បង្ក្រាប និងសង្គ្រោះបានទាន់ពេលវេលា។
វិធានការដ៏តឹងរ៉ឹងនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក្នុងការធានាបាននូវបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នៅពាក់កណ្តាលខែមេសាឆ្នាំ២០២៥ នេះ៕
ដោយ: ឈុន ដារ៉ាត





