រដ្ធបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សា
AKP កំពង់ឆ្នាំង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក យិន សាវ៉េន អភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានមន្ទីរ និងអភិបាលក្រុង ស្រុកទាំង៨ ចូលរួមផងដែរ។

រដ្ធបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្នុងឱកាសនោះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបញ្ជាក់អំពីខ្លឹមសារនៃកិច្ចប្រជុំនេះថា ១. ពិនិត្យកូរ៉ុមរបស់ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ ២. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត ៣. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ៤. ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការរបស់សាលាខេត្ត ៥. ប្រកាសពេលវេលាកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាបន្ត និង ៦. សេចក្ដីប្រកាស់ផ្សេងៗ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានជំរុញដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ និងមន្ទីរពាក់ព័ន្ធ ឱ្យបន្តខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋាន ដើម្បីទទួលបាននូវសុខសុវត្ថិភាពផ្សារភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

នៅក្នុងបរិបទនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សា បានបញ្ជាក់ពីសក្ខីភាពនៃសូចនាករសំខាន់ៗដែលកំពុងស្ថិតនៅក្នុងវឌ្ឍនភាព ហើយកត្តាគន្លឹះដែលនាំឱ្យសម្រេចបាននូវសមិទ្ធផលនានា គឺដោយសារមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចសហការគ្នាល្អពីអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធព្រមទាំងការចូលរួមពីសហគមន៍ និងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ដែលនាំឱ្យប្រទេសមានការអភិវឌ្ឍ៕



ដោយ: បៃ ស៊ីថុន





