សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាលើការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥–ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបាននិងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញ ពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយ បានជារដ្ឋបាលប្រធានាធិបតី ឯកឧត្តម ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប (Reciprocal Tariffs) លើបណ្តាប្រទេសដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្ម។


សម្តេចធិបតីបានបញ្ជាក់ថា ជាក់ស្តែង កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង៤៦% រៀងគ្នា ដោយសារសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយ វៀតណាម។ ដូច្នេះ ការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូលដែលប្រទេសទាំងនោះបានដាក់លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ ទៀតសោត មានតែ ៥០% នៃអត្រាដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ តែប៉ុណ្ណោះ។
សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិកដើម្បីរកដំណោះស្រាយ សមស្របណាមួយ។ សម្តេចធិបតី បន្តថា បញ្ហានេះអាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ។ ក្នុងន័យនេះ សម្តេច បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





