បទយកការណ៍៖ ថ្មរូង ជាតំបន់រមណីយដ្ឋានធម្មជាតិមួយកន្លែង និងជាគោលដៅទាក់ទាញទេសចរសម្រាប់ដើរកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ
AKP ព្រះសីហនុ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥
បើយើងធ្វើដំណើរចេញពីផ្លូវជាតិលេខ៤ គឺមានចម្ងាយប្រមាណ៧ គីឡូម៉ែត្រតែប៉ុណ្ណោះ នឹងចូលទៅដល់រមណីយដ្ឋានថ្មរូង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃប្រសិទ្ធិ៍ ឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅក្បែរចំណុចប្រសព្វរវាងខេត្តព្រះសីហនុ និង ខេត្តកំពង់ស្ពឺ។ រមណីយដ្ឋាននេះគឺជាគោលដៅទេសចរណ៍មួយដែលមានលក្ខណៈធម្មជាតិ មានទឹកធ្លាក់ និងព្រៃភ្នំស្រស់ស្អាត សម្រាប់ពលរដ្ឋ និងអ្នកទេសចរទាំងក្នុងស្រុក និងបរទេសជ្រើសរើសកម្សាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។

រមណីយដ្ឋានថ្មរូង មានទំហំផ្ទៃដីសរុប៦៨២ហិកតា បានគ្រប់ដណ្តប់ដោយព្រៃឈើ និងទេសភាពដ៏ស្រស់ត្រកាលកំពុងបានបង្ហាញសម្រស់គួរជាទីទាក់ទាញអ្នកទេសចរឱ្យចូលមកកម្សាន្តជារៀងរាល់ថ្ងៃ។ រមណីយដ្ឋាននេះ ក្រៅពីមានខ្យល់អាកាសបរិសុទ្ធល្អ នៅមានប្រជាសហគមន៍សាងសង់តូបជាប់មាត់ទឹកធ្លាក់ដែលគេអាច បរិភោគអាហារ សម្រាកលំហែកាយ និងងូតទឹកលេងយ៉ាងសប្បាយរីករាយថែមទៀត។

ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នាពេលខាងមុខនេះដែរ ប្រជាសហគមន៍ នៅតំបន់រមណីយដ្ឋានថ្មរូង ក៏បានអំពាវនាវឱ្យអ្នកទេសចរទាំងជាតិ និងអន្ដរជាតិចូលមកកម្សាន្តក្នុងតំបន់ទេសចណ៍ដ៏ស្រស់ត្រកាលនេះផងដែរ។

ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៤ មានចម្ងាយពីរាជធានីភ្នំពេញប្រហែល ១១៥គីឡូម៉ែត្រ បត់ស្តាំប្រហែល៧ គីឡូម៉ែត្រ លោក អ្នកនឹងទៅដល់រមណីយដ្ឋានថ្មរូង ដែលទឹកជ្រោះហូរនៅតំបន់ទីកន្លែងនេះ គឺមានប្រភពមកពីតំបន់ជួរភ្នំក្រវាញ។

កាលបើអ្នកទេសចរមកដល់ទឹកដីព្រៃភ្នំមួយកន្លែងនេះហើយ នឹងទទួលបានអាររម្មណ៍ស្រស់ស្រាយជាមួយនឹង ទឹកធ្លាក់ ព្រៃភ្នំ និងខ្យល់អាកាសបរិសុទ្ធ ស្ទើរគ្រប់រដូវកាល។ ប៉ុន្ដែអ្វីដែលគួរជាទីចាប់អារម្មណ៍ជាងនេះទៀតគឺ អ្នកទេសចរអាចងូតទឹកធ្លាក់ និង ទស្សនាត្រីតូចៗហែលឆ្វែលឆ្វាត់តាមជ្រលងថ្មភ្នំជាមួយសន្ធឹកសំឡេងទឹកធ្លាក់ និងបរិយាកាសសែនមនោរម្យ។ ក្រៅពីនេះគេក៏អាចថតរូបនៅតាម ទោងយោល ដែលគេបានភ្ជាប់ជាមួយនឹងផ្កាច្រើនកន្លែងសម្រាប់ភ្ញៀវទេសចរថតរូបទុកជាអនុស្សាវរីយ៍ថែមទៀតផង។

លោក ផូ ភ័ណ្ឌ ជាគណៈកម្មាធិការគ្រប់គ្រងសហគមន៍ព្រៃឈើធម្មជាតិថ្មរូងបានឱ្យដឹងថា រមណីយដ្ឋានថ្មរូងគឺជាតំបន់ទេសចរណ៍មួយដែលអាចទទួលភ្ញៀវទេសចរគ្រប់រដូវកាល ពីព្រោះថា ទឹកដីកន្លែងនេះក្រៅពីមានព្រៃឈើ ហើយក៏មានទឹកជ្រោះហូរមិនចេះដាច់ ដែលធ្វើឱ្យអ្នកទេសចរចូលកម្សាន្តមិនថាថ្ងៃបុណ្យទានទេ សូម្បីតែថ្ងៃធម្មតាក៏អាចទទួលភ្ញៀវបានដែរ បើទោះបីចំនួនតិចតួចក្តី។ លោក ផូ ភ័ណ្ឌ ក៏បានអំពាវនាវឱ្យភ្ញៀវទេសចរចូលកម្សាន្តឱ្យបានច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីប្រជាសហគមន៍បានទទួលចំណូល និងក៏ដូចជាបានមកទស្សនាកម្សាន្តទឹកដីដ៏ស្រស់ត្រកាលនៃធនធានធម្មជាតិមួយកន្លែងនេះ។

កំពុងដើរកម្សាន្ត និង មើលទឹកជ្រោះយ៉ាងសប្បាយរីករាយ កញ្ញា រិន សុខា បាននិយាយថា រមណីយដ្ឋានថ្មរូងពិតជាធ្វើឱ្យកញ្ញាស្រស់ស្រាយ ហើយនេះមិនមែនលើកទីមួយទេ ដែលកញ្ញារួមជាមួយសាច់ញាតិបានមកកម្សាន្តនៅទីនេះ។ កញ្ញាសុខា បានលើកឡើងថា ទឹកដីកន្លែងនេះពិតជាស្រស់ស្រាយបើទោះបីពេលនេះជារដូវប្រាំងក្តៅហួតហែងយ៉ាងណាក្តី។

អ្នកទេសចរដែលបានធ្វើដំណើរមកពីខេត្តតាកែវរូបនេះក៏បាននិយាយបញ្ជាក់ថា៖ «ទីកន្លែងនេះ ក្រៅពីមានទេសភាពស្រស់ស្អាតគ្មានគូប្រៀបហើយ ក៏ជាកន្លែងមានអនាម័យល្អ ទៅទីណាក៏គ្មានសំរាម គ្មានប្លាស្ទិក ដែលចំណុចនេះខ្ញុំចូលចិត្តបំផុត»។
ក្នុងវ័យជិត៧០ឆ្នាំ អ្នកស្រី ម៉ៃ ថាន ដែលបានដើរលក់ចំណីចំណុកហូបចុកនៅតំបន់នេះ ជាច្រើនឆ្នាំមកហើយនោះ ក៏បានប្រាប់ឱ្យដឹងថា ការលក់ដូរបច្ចុប្បន្ននេះគឺអាស្រ័យទៅលើភ្ញៀវទេសចរពោលគឺបើមានភ្ញៀវទេសចរមកកម្សាន្តច្រើន អ្នកស្រីក៏លក់ដាច់ និងទទួលបានប្រាក់កម្រៃច្រើនដែរ។ អ្នកស្រីនិយាយបន្ថែមថា៖ «មុខរបរនេះបើទោះបីតិចតួចតែក៏បានផ្តល់ប្រាក់កម្រៃអាចដោះស្រាយជីវភាពក្នុងវ័យជរាដូចរូបខ្ញុំនេះដែរ»។

ដោយបញ្ជាក់ប្រាប់ស្រដៀងគ្នានេះដែរ អ្នកស្រី អាត់ ស្រីម៉ៅ ដែលជាអ្នកមានតូបខ្យូសលក់បាយមួយកន្លែង បានប្រាប់ឱ្យដឹងថា បើទោះបីខែប្រាំងយ៉ាងណាក្តី នៅរមណីយដ្ឋានថ្មរូងក៏មានទឹកហូរ ដែលធ្វើឱ្យអ្នកទេសចរបាន ទស្សនា និងអាចងូតទឹកលេងកម្សាន្តបានដែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតមកដល់នោះ អ្នកស្រី អាត់ ស្រីម៉ៅ ក៏សំណូមពរឱ្យអ្នកទេសចរចូលមកកម្សាន្តតំបន់រមណីយដ្ឋានថ្មរូងឱ្យបានច្រើនពីព្រោះរមណីយដ្ឋានធម្មជាតិមួយមួយកន្លែងនេះ សម្បូរទៅដោយបរិយាកាសធម្មជាតិស្រស់ស្អាតជាច្រើនដូចជា ព្រៃភ្នំ ទឹកធ្លាក់ សត្វបក្សាបក្សី និងកន្លែងសម្រាកទទួលទានអាហារ នៅជាប់មាត់ទឹកដ៏ទាក់ទាញ។ អ្នកស្រីបញ្ជាក់បន្ថែមថា៖ «តំបន់ថ្មរូងនេះ អ្នកទេសចរនឹង រីករាយជាមួយនឹងការងូតទឹកធ្លាក់ ដើរកម្សាន្តជុំវិញទីតាំង ថតរូប និងទទួលទានអាហារជុំគ្នាជាមួយក្រុមគ្រួសារ និង មិត្តភក្ដិ»។

សូមជម្រាបជូនផងដែរថា ក្នុងដំណើរទស្សនកិច្ចគម្រោង «និរន្តរភាព តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថាន ដែលបានរៀបចំទស្សនកិច្ច (Familiarization Trip) គោលដៅលំហែបៃតងនៃឧទ្យានជាតិជួរភ្នំក្រវាញ ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃពាមក្រសោប និងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ និងការភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជនក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ចាប់ពីថ្ងៃទី០២-០៥ ខែមេសា ឆ្នាំ២០២៥ នៅ ខេត្តកោះកុង និងខេត្តពោធិ៍សាត់។ ក្នុងដំណើរទស្សនកិច្ចនេះតំបន់រមណីដ្ឋានថ្មរូងក៏ជាគោលដៅមួយនៃការសិក្សាស្វែងយល់ផងដែរ៕
ដោយ៖ ដេប៉ូ និង រិទ្ធី





