ថ្នាក់ដឹកនាំ អាជ្ញាធរទន្លេសាប ចុះអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក តំបន់៣ ខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥--
ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស ក្រោមឱវាទអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប នៅថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០២៥ បានចុះធ្វើអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តស្រុក ក្រុងចំនួន ៦ ក្រោមផ្លូវជាតិលេខ ៦ នៃខេត្តសៀមរាប ជាប់តំបន់បឹងទន្លេសាប ។

នៅក្នុងដំណើរចុះបេសកកម្មអធិការកិច្ចខាងលើនេះ ត្រូវបានធ្វើការបែងចែកក្រុមការងារទទួលមុខព្រួញ ចំនួន ៥ ដែល ទី១ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម ទទួលចុះអធិការកិច្ច ក្រុងសៀមរាប មាន ៧សង្កាត់ និងស្រុកជីក្រែង មាន ៧ឃុំ ជាប់តំបន់៣ ,
ទី២ លោក ម៉ៅ ហាក់ អនុប្រធាន ទទួលចុះអធិការកិច្ច ស្រុកសូទ្រនិគម មាន ៣ឃុំ ជាប់តំបន់៣,
ទី៣ លោក សរ គឹមសាន្ត អគ្គលេខាធិការ ទទួលចុះអធិការកិច្ច ស្រុកពួក មាន ៦ឃុំ ជាប់តំបន់៣,
ទី៤ លោក ជា សុខនី អគ្គលេខាធិការរង ទទួលចុះអធិការកិច្ច ស្រុកក្រឡាញ់ មាន ២ឃុំ ជាប់តំបន់៣,
ទី៥ លោក ខូវ មាស អគ្គលេខាធិការរង ទទួលចុះអធិការកិច្ចស្រុកប្រាសាទបាគង មាន ២ឃុំ ជាប់បឹងទន្លេសាប។ ជារួម ភូមិសាស្រ្តរដ្ឋបាលដែនដីស្ថិតក្រោមផ្លូវជាតិលេខ ៦ នៃខេត្តសៀមរាប មានស្រុក ក្រុងចំនួន ៦ និងឃុំ សង្កាត់ចំនួន ២៧ ជាប់នឹងផ្ទៃដីដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ។ ផ្ទៃដីក្នុងភូមិសាស្រ្តខេត្តសៀមរាម ជាប់នឹងតំបន់បឹងទន្លេសាប សរុបរួមប្រមាណ ២៥៧ ៨៥៨,៥០ ហិកតា ក្នុងនោះរួមមាន តំបន់១ ចំនួន ៦៦ ៧០០,៩០ហិកតា តំបន់២ ចំនួន ៩០ ៣៥២ ហិកតា តំបន់៣ ចំនួន ១០០ ៨០៥,៦០ ហិកតា និងមានបង្គោលព្រំតំបន់៣ ថ្មី ចំនួន ២៩៩ បង្គោល បានបោះរួចរាល់ ។

សូមជម្រាបថា ការចុះអធិការកិច្ចរបស់អាជ្ញាធរទន្លេសាប បានពិនិត្យ និងរកឃើញថា សកម្មភាពនៃការចូលទៅបន្តអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់៣ ពីសំណាក់ជនខិលខូច ត្រូវបានកាត់បន្ថយមួយកម្រឹត គួរឱ្យកត់សំគាល់ តាមរយៈនៃយន្តការការងារដ៏តឹងរឹង និងម៉ឺងមាត់ ក្នុងការទទួលខុសត្រូវ ចំពោះការការពារ ទប់ស្កាត់ និងផ្សព្វផ្សាយពីកិច្ចសហការរបស់ក្រសួងស្ថាប័នជំនាញថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ជាពិសេសថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ៕

ដោយ ៖ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





