ឯកឧត្តម នួន ផារ័ត្ន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូDBST នៅក្រុងស្ទឹងសែន
AKP កំពង់ធំ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូDBST ប្រវែង១៦៣៧ម៉ែត្រ ស្ថិតនៅសង្កាត់កំពង់ក្របៅ និងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។

លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានលើកឡើងថាក្រោមការដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈ អភិបាលខេត្តកំពង់ធំ រដ្ឋបាលក្រុងស្ទឹងសែនទទួលបានការជួយគាំទ្រក្នុងការសាងសង់កំណាត់ផ្លូវនេះដែលជាប្រភេទផ្លូវកៅស៊ូ DBST ដែលមានប្រវែង១៦៣៧ម៉ែត្រ ស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ មានប្រវែង៨៦៥ម៉ែត្រ និងស្ថិតនៅភូមិក្រចាប់សង្កាត់អាចារ្យលាក់មានប្រវែង៧៧២ម៉ែត្រ (ផ្លូវទំនប់សន្តិភាព)។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ដើម្បីជាកាដូចំណងដៃដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តកំពង់ធំជួយសាងសង់ផ្លូវ០១ខ្សែ និងបំពាក់សូឡាបំភ្លឺតាមដងផ្លូវ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទាំងយប់ទាំងថ្ងៃប្រកបដោយសុវត្ថិភាព។ជាក់ស្ដែងផ្លូវនេះពីមុនលំបាកក្នុងការធ្វើដំណើរ ហើយក៏ជាទំនប់សម្រាប់ទប់ទឹកស្ទាក់ទឹកកុំឱ្យហូរចូលក្រុងដើម្បីបញ្ចៀសទឹក ការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរនាពេលខាងមុខនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងពីរសង្កាត់ សូមចូលរួមថែរក្សាផ្លូវកៅស៊ូ DBSTមានប្រវែង១៦៣៧ម៉ែត្រនេះ ដើម្បីប្រើប្រាស់បានយូរអង្វែង និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ៕
ដោយ ស៊ុម វណ្ណា





