ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាល: «ជោគជ័យសុខភាពកុមារ គឺជាជោគជ័យដ៏ធំធេង សម្រាប់អនាគតប្រទេសជាតិ»
AKP ភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងកម្លាំងចិត្ត នាំមកនូវស្នាដៃជូនមន្ទីរពេទ្យដែលមានការប្រែប្រួលថ្មីៗជាច្រើន ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារទំនើប ការកសាងសមត្ថភាពមន្រ្តីឱ្យកាន់តែសមត្ថភាពខ្ពស់ ស្របទៅតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍ ក្នុងការជួយធ្វើរោគវិនិច្ឆ័យឱ្យបានរហ័ស និងសុក្រឹតភាព ដើម្បីបេសកកម្មក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន និងជាពិសេសកុមារកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់លើការងារកសាងសមត្ថភាព ទាំងជំនាញវេជ្ជសាស្ត្រ និងភាពជាអ្នកដឹកនាំ តាមរយៈការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក និងការធ្វើនវានុវត្តន៍បច្ចេកវិទ្យា សំដៅប្រសិទ្ធភាពការងារ និងភាពឆាប់រហ័សលើរាល់ការងារអន្តរាគមន៍ទាំងឡាយ និងត្រូវបង្កើនការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍ ជាអាយុជីវិត ជាជម្រៅនៃជំនឿជឿជាក់ក្នុងការបំពេញភារកិច្ចដោយការតាំងចិត្តជាមួយឆន្ទៈខ្ពស់ និងសេចក្តីអាណិតស្រឡាញ់ចំពោះកុមារ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ផ្សារភ្ជាប់ជាមួយក្រុមគ្រួសារអ្នកជំងឺ។

ទន្ទឹមនឹងវឌ្ឍនភាព និងសមិទ្ធផលរបស់មន្ទីរពេទ្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់នូវទស្សនទានមួយចំនួនដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល នូវធាតុចូលដើម្បីយកទៅពិចារណាក្នុងការរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ជាអាទិ៍រួមាន៖
១- ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយកែលំអអគារ និងស្ថានភាពបរិស្ថានជុំវិញមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង ហើយថ្នាក់ដឹកនាំត្រូវពិនិត្យ និងរៀបចំផែនការជំហានដោយធ្វើពីជ្រោយមកកណ្តាល។
២- លើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់មន្ត្រី បុគ្គលិកមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង ជាពិសេសត្រូវពិនិត្យលើអ្នកដែលត្រូវជួយអ្នកខ្វះខាតឱ្យសមស្របទៅតាមកម្រិតស្តង់ដាជាតិ និងអន្តរជាតិ។
៣- ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស ដោយត្រូវចែករំលែក និងបន្តជួយបណ្តុះបណ្តាលដល់អ្នកបន្តវេនទៅថ្ងៃមុខ។
៤- ពង្រឹងការគ្រប់គ្រង និងការបំពាក់បន្ថែមសម្ភារៈបរិក្ខារ ឱសថ ឱ្យកាន់តែទំនើប ឆ្លើយតបទៅតាមបច្ចេកវិទ្យាឌីជីថលសម័យថ្មី។
៥- យកចិត្តទុកដាក់ឱ្យបានខ្ពស់លើការគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាជន និងកុមារឱ្យកាន់តែប្រសើរឡើង។
៦- ពង្រឹងការសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងប្រចាំការ ក្នុងការផ្តល់សេវា ២៤ម៉ោងលើ ២៤ម៉ោង និងម៧ថ្ងៃក្នុងមួយសប្តាហ៍។
៧- ពង្រឹងលើការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនងជាមួយក្រុមគ្រួសារអ្នកជំងឺ។
៨- ពង្រឹងលើការទទួលបដិសណ្ឋារកិច្ច និងការយកចិត្តទុកដាក់ផ្តល់សេវាថែទាំដល់អ្នកជំងឺ។
៩- ពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃឱ្យបានជាប្រចាំក្នុងមន្ទីរពេទ្យ ដោយការកត់ត្រា និងការអនុវត្តតាមស្តង់ដា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យដើរតួជាអាណាព្យាបាលដែលកូនមានបញ្ហាសុខភាព និងក្រុមគ្រូពេទ្យបម្រើសេវាដល់ទារក ដើម្បីបង្ហាញពីរបៀបផ្តល់សេវាដោយសេចក្តីស្រឡាញ់ និងភាពកក់ក្តៅចំពោះទារក។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តអង្គសន្និបាតទាំងមូល ចូលរួមផ្តល់ជាយោបល់ ជាអនុសាសន៍ ជាមេរៀន ឬជាបទពិសោធន៍នានាបន្ថែមទៀត ដើម្បីជាការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗពីការថែទាំ និងព្យាបាលអ្នកជំងឺកុមារ និងការដឹកនាំគ្រប់គ្រងមន្ទីរពេទ្យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតនិងសូមអរគុណដល់អង្គការដៃគូ ដែលតែងតែជួយជាសម្ភារៈ ការបណ្តុះបណ្តាលបច្ចេកទេសដល់មន្ទីរពេទ្យ ក្នុងការចូលរួមបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។

ក្នុងពិធីនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរពេទ្យកុមារជាតិសរុបចំនួន ២០៤នាក់ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលដែលមានស្នាដៃ និងលះបង់ក្នុងការបំពេញការងារកន្លងមក៕
ដោយ: ពេជ្រ សំអឿន (ប្រភព: ក្រសួងសុខាភិបាល)





