ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អញ្ជើញចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ស្នាដៃសិស្សានុសិស្សនៅវិទ្យាល័យចំណេះទូទៅខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីភាពនៃព្រឹត្តិការណ៍តាំងពិព័រណ៍ស្នាដៃសិស្សានុសិស្សនៅវិទ្យាល័យចំណេះទូទៅ និងអប់រំបច្ចេកទេស ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្នុឱកាសបើកពិធីសង្ក្រានឆ្នាំថ្មី ដោយមានការអញ្ជើញចូលរួមពីលោក ឈិន សេងងួន អភិបាលរងខេត្ត ប្រធានមន្ទីរ និងថ្នាក់ដឹកនាំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អភិបាលស្រុក អជ្ញាធរភូមិ ឃុំ លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ តំណាងអាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា បានថ្លែងនូវការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ក្នុងវិទ្យាល័យសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលបានរៀបចំពិធីតាំងពិព័រណ៌សមិទ្ធផលស្នាដៃរបស់សិស្សនៅថ្ងៃនេះ ដើម្បីសិស្សានុសិស្សមានបំណិនជីវិតនិងបទពិសោធន៍ល្អៗក្នុងការចាប់យកអាជីពការងារក្នុងពេលអនាគត។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានលើកឡើងថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ គឺពង្រឹងអភិបាលកិច្ចល្អនៅសាលារៀនគ្រប់កម្រិត ពង្រឹងការរៀន និងបង្រៀនឱ្យសិស្សកាន់តែរៀនបានច្រើន ចេះច្រើនគឺប្រឡងជាប់ លើកទឹកចិត្តអាហារូបត្ថម្ភដល់សិស្សក្រីក្រខ្វះខាតដើម្បីពង្រឹងគុណភាព និងបង្កើនធនធានមនុស្សដើម្បីប្រទេសមានការអភិវឌ្ឍ។

ក្នុងបរិបទនេះ ឯកឧត្តមបណ្ឌិត អនុរដ្ឋលេខាធិការបានជម្រុញដល់លោកគ្រូ អ្នកគ្រូ ឱ្យខិតខំយកអស់កម្លាំងកាយកម្លាំងចិត្ត ផ្ទេរចំណេះដល់សិស្សានុសិស្សទាំងអស់ សិក្សារៀនសូត្រតាមកម្មវិធីទំនើប ដើម្បីអនាគតភ្លឺថ្លារបស់ប្អូនៗ និងសំណូមពរដល់មាតាបិតាសិស្ស សូមចូលរួមសហការជាមួយលោកគ្រូ អ្នកគ្រូតាមដានការសិក្សាកូនៗ តើមករៀនសូត្រប្រចាំថ្ងៃត្រឹមត្រូវទេ ឬគេចសាលា ដើម្បីមានវិធានការអប់រំតម្រង់ទិសដៅឱ្យពួកគេក្លាយជាសិស្សល្អ កូនល្អ និងជាពលរដ្ឋល្អ ដើម្បីជួយកសាងសង្គមជាតិទៅថ្ងៃអនាគត៕


ដោយ បៃ ស៊ីថុន





