ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ អញ្ជើញសម្ពោធព្រះវិហារថ្មី វត្តរតននិមិត្តសំពៅផល បង្ហាញពីការយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនានៅខេត្តបន្ទាយមានជ័យ
AKPបន្ទាយមានជ័យថ្ងៃទី៣ខែមេសាឆ្នាំ២០២៥ -- ក្រោមបរិយាកាសដ៏សោមនស្សរីករាយ និងពោរពេញដោយជំនឿសទ្ធា ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធឆ្លងព្រះវិហារថ្មី នៃវត្តរតននិមិត្តសំពៅផល ដែលស្ថិតនៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ។

ពិធីសម្ពោធដ៏ឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈ ព្រះសង្ឃជាច្រើនអង្គ។ លើសពីនេះ ក៏មានវត្តមានដ៏កុះករពីសំណាក់អភិបាលក្រុងស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានបង្ហាញនូវទឹកចិត្តសប្បាយរីករាយចំពោះសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងខេត្ត។

ព្រះវិហារថ្មី នៃវត្តរតននិមិត្តសំពៅផល ត្រូវបានសាងសង់ឡើងដោយកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ក្រោមការដឹកនាំ និងកៀរគរពីគណៈកម្មការវត្ត និងការចូលរួមឧបត្ថម្ភពីសប្បុរសជននានា។ ការសាងសង់ព្រះវិហារដ៏ប្រណីតនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ជាពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាទីកន្លែងសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទប្រារព្ធនូវពិធីបុណ្យផ្សេងៗ ធ្វើសមាធិ សិក្សាធម៌ និងរួមគ្នាថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការវត្ត ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងសប្បុរសជនទាំងអស់ ដែលបានរួមគ្នាជាកម្លាំងសាមគ្គី សាងសង់ព្រះវិហារថ្មីនេះបានសម្រេចជាស្ថាពរ។
ឯកឧត្តមបានគូសបញ្ជាក់ថា ព្រះវិហារមិនត្រឹមតែជាទីកន្លែងគោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលនៃការអប់រំ សីលធម៌ គុណធម៌ និងជាកន្លែងប្រមូលផ្តុំនូវកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។
ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ "ខ្ញុំពិតជាមានក្តីរំភើបរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងព្រះវិហារថ្មី នៃវត្តរតននិមិត្តសំពៅផលនាពេលនេះ។ សមិទ្ធផលដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពនៃការរួបរួមសាមគ្គីគ្នា ការលះបង់ និងជំនឿសទ្ធាដ៏មុតមាំរបស់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់។ ព្រះពុទ្ធសាសនា គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសង្គមជាតិយើង ដែលបានបណ្តុះនូវគំនិតល្អ ប្រពៃណី ទំនៀមទម្លាប់ដ៏ថ្លៃថ្នូរ និងរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។"
ឯកឧត្តម កែ គឹមយ៉ាន ក៏បានសង្កត់ធ្ងន់លើការបន្តគាំទ្រ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងបានលើកទឹកចិត្តដល់ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទទាំងអស់ ឱ្យបន្តថែរក្សា និងប្រើប្រាស់ព្រះវិហារថ្មីនេះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់ការប្រតិបត្តិសាសនា ការសិក្សាធម៌ និងការកសាងសង្គមប្រកបដោយសីលធម៌ និងវឌ្ឍនភាព។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បាននាំយកនូវទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនដល់ព្រះសង្ឃ និងជូនដល់វត្ត ដើម្បីជាការលើកទឹកចិត្ត និងចូលរួមចំណែកក្នុងការទ្រទ្រង់កិច្ចការរបស់វត្តផងដែរ។
ពិធីសម្ពោធឆ្លងព្រះវិហារថ្មី នៃវត្តរតននិមិត្តសំពៅផល បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងពោរពេញដោយក្តីសង្ឃឹម ដែលសមិទ្ធផលថ្មីនេះ នឹងក្លាយជាទីកន្លែងដ៏ស័ក្តិសិទ្ធិសម្រាប់ការប្រតិបត្តិសាសនា និងជាចំណងដ៏រឹងមាំនៃសាមគ្គីភាពក្នុងសហគមន៍៕
ដោយ៖ ឈុនសារ៉ាត





