ឯកឧត្តម ហេង រតនា ណែនាំដល់និវត្តន៍ជនត្រូវចេះថែរក្សាសុខភាព និងធ្វើជាគម្រូល្អដល់គ្រួសារ និងសង្គម
AKPសៀមរាប ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ -- នៅឱកាសជួបសំណេះសំណាល និងបើកប្រាក់បំណាច់ការងារជូនដល់មន្ត្រីស៊ីម៉ាក់ដែលបានចូលនិវត្តន៍ ចំនួន១៥៤នាក់ និងបើកប្រាក់ជូនគ្រួសាររបស់មន្ត្រីដែលទទួលមរណៈភាពនាថ្ងៃទី០៣ ខែមេសាឆ្នាំ២០២៥នៅសារមន្ទីរតេជោសន្តិភាព ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ហៅកាត់ថា CMAC បានលើកឡើងថា ចាប់តាំងបង្កើតអង្គភាពស៊ីម៉ាក់មក មន្ត្រីទាំងអស់របស់ស៊ីម៉ាក់ បានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរំដោះផ្ទៃដីដែលគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះផ្សេងៗ។

ក្នុងបំពេញភារកិច្ចរបស់ខ្លួនមន្ត្រីស៊ីម៉ាក់បានចាកឆ្ងាយពីផ្ទះសម្បែង ពីក្រុមគ្រួសារ ទៅតាមការចាត់តាំងរបស់អង្គភាពដោយមិនខ្លាចនឿយហត់។
ឯកឧត្តម ហេង រតនា បានបន្តថា នៅពេលនេះ មន្ត្រីរបស់យើងខ្លះក៏ដល់ពេលចូលនិវត្តន៍ ហើយការចូលនិវត្តន៍ រាជរដ្ឋាភិបាលទាំងអណត្តិមុនៗដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងអណត្តិទី៧ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែបានយកចិត្តទុកខ្លាំងចំពោះសុខទុក្ខកងកម្លាំងគ្រប់ប្រភេទ ជាពិសេសកម្លាំងរបស់ស៊ីម៉ាក់ផ្ទាល់តែម្តង ជាក់ស្តែងដូចជាថ្ងៃនេះ មន្ត្រីរបស់យើងដែលចូលនិវត្តន៍ចំនួន១៥៤នាក់ បានទទួលប្រាក់បំណាច់មុខងារពីអង្គភាព បន្ថែមពីលើប្រាក់សោធន៍ដែលពួកគាត់បានទទួលប្រចាំខែ។

ឯកឧត្តមបានផ្តាំផ្ញើដល់មន្រ្តីចូលនិវត្តន៍ដែលទទួលបានរបបប្រាក់ឧបត្ថម្ភអតីតភាពបម្រើការងារនាឱកាសនេះ សូមប្រើប្រាស់ថវិកាឱ្យត្រូវគោលដៅ និងបង្កើតមុខរបរសមរម្យណាមួយដើម្បីបន្តផ្គត់ផ្គង់ជីវភាពគ្រួសារ និងក្រោយពីបញ្ចប់បេសកកម្មជាមួយអង្គភាព ហើយរស់នៅក្នុងសង្គមត្រូវធ្វើជាគម្រូល្អប្រកបដោយសេចក្តីថ្លៃថ្នូរ និងយកចិត្តទុកដាក់ថែទាំងសុខភាពឲ្យបានល្អ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១០ មក អង្គភាពស៊ីម៉ាក់ បានធ្វើការបើកប្រាក់បំណាច់ការងារជូនមន្ត្រីរបស់ខ្លួនដែលចូលនិវត្តន៍បានចំនួន១.៧២៩នាក់ ៕
ដោយ៖ ឃុត សៅ





